# ទីផ្សារធុរេនវៀតណាមប្រឈមហានិភ័យ! ខណៈប្រទេសចិនក្តោបក្តាប់ទីផ្សារធុរេនរហូតដល់ទៅ ៩៦%!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10957>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"17900","languageVersionId":"17006","visibilityVersion":"3","versionToken":"a1.bfxRIc2z7YzPmNa300ucBXwdGl9qtGQGccOOm-ZR7ww"}

Original publication: 2026-11-06T04:01:35Z

ចិនកាន់កាប់ជិត ៩៦% នៃទីផ្សារនាំចេញធុរេនវៀតណាមក្នុង៩ខែដំបូងឆ្នាំ២០២៦ ខណៈអ្នកជំនាញព្រមានពីហានិភ័យនៃការពឹងផ្អែកលើទីផ្សារតែមួយ។

ប្រទេសចិនបាន និងកំពុងក្តោបក្តាប់ទីផ្សារនាំចេញធុរេនរបស់ប្រទេសវៀតណាម រហូតដល់ជិត ៩៦% អំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលស្ថានភាពនេះ បានធ្វើឱ្យឧស្សាហកម្មផ្លែឈើរបស់វៀតណាមមួយនេះ ស្ទើរតែគ្មានជម្រើសទីផ្សារជំនួសទាល់តែសោះ ហើយត្រូវរស់ក្រោមដង្ហើមនៃតម្រូវការពីទីផ្សារយក្សមួយនេះ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញផ្លែធុរេនសរុបទទួលបានប្រាក់ចំណូលជាង ៣.៤៥ ពាន់លានដុល្លារអាមេរិក អំឡុងពេល ៩ ខែដំបូងឆ្នាំ ២០២៦ នេះ ដែលជាការកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រទេសចិនដីតែមួយ ដើរតួជាអ្នកទិញធំបំផុត ដោយក្តោបក្តាប់ទំហំទឹកប្រាក់រហូតដល់ជិត ៣.៣ ពាន់លានដុល្លារ ដែលធ្វើឱ្យចំណែកទីផ្សាររបស់ចិនកើនឡើងពី ៩៣.៦% កាលពីឆ្នាំមុន រហូតដល់ជិត ៩៦% ក្នុងឆ្នាំនេះ។
ដោយឡែក ទីផ្សារបន្ទាប់បន្សំនោះ គឺប្រទេសប៉ាពូញ៉ូហ្គីនេ ដែលមានទំហំទឹកប្រាក់ ៣៧.៧ លានដុល្លារ តាមពីរក្រោយដោយទីក្រុងហុងកុង ៣៦.៧ លានដុល្លារ និងសហរដ្ឋអាមេរិក ២០.៥ លានដុល្លារ។

ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ការផ្តោតទីផ្សារលើប្រទេសតែមួយបែបនេះ នឹងធ្វើឱ្យវិស័យនាំចេញធុរេនរបស់វៀតណាមងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើប្រទេសចិនរឹតបន្តឹងស្តង់ដារគុណភាព ឬកាត់បន្ថយការនាំចូលភ្លាមៗនោះ។

ផ្លែធុរេន គឺជាផ្លែឈើដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែវាឆាប់ទុំ និងពិបាករក្សាទុកក្នុងរយៈពេលយូរ ប្រសិនបើគ្មានប្រព័ន្ធក្លាសេត្រឹមត្រូវ ហើយនៅពេលដែលការបញ្ជូនទំនិញ មិនអាចឆ្លងកាត់គយតាមកាលកំណត់ ហានិភ័យនៃការកកស្ទះនៅតាមរោងចក្រវេចខ្ចប់ នឹងកើនឡើង ដែលបង្ខំឱ្យអ្នកលក់ ត្រូវលក់បញ្ចុះតម្លៃយ៉ាងគំហុក៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


