{"asset":"news","key":"10959","locale":"km","id":"news:10959:km","entityId":"news:10959","canonicalUrl":"https://www.kps-tv.com/km/news/detail/10959","state":"ready","title":"សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោង NI Cambodia៖ រួមគ្នាស្តារព្រៃកោងកាង និងពង្រឹងជីវភាពសហគមន៍តំបន់ឆ្នេរដើម្បីអនាគតបៃតង","summary":"សិក្ខាសាលានៅក្រុងព្រះសីហនុបានបង្ហាញលទ្ធផលគម្រោង NI Cambodia ក្នុងការស្តារព្រៃកោងកាង និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ឆ្នេរ។","body":"ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោង «ការបង្កើតភាពធន់របស់សហគមន៍កម្ពុជា ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ និងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាព (NI Cambodia)» ត្រូវ បានរៀបចំឡើងនៅសណ្ឋាគាររីវ៉ា ក្រុងព្រះសីហនុ។ អង្គសិក្ខាសាលានេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រសួងបរិស្ថាន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ក្នុងការអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។\n\nថ្លែងក្នុងពិធីនេះ លោក ម៉ើង សុភាព ប្រធានស្តីទី មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីសក្តានុពលដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ជាពិសេសព្រៃកោងកាងក្នុងស្រុកព្រៃនប់ ដែលដើរតួនាទីជារបាំងធម្មជាតិការពារពីខ្យល់ព្យុះ រលកសមុទ្រ ស្រូបស្តុកកាបូន និងជាជម្រកពូជមច្ឆជាតិ។ ទន្ទឹមនឹងបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ និងការសឹករិចរិលនៃធនធាន គម្រោង NI Cambodia បានចូលរួមដោះស្រាយយ៉ាងមានប្រសិទ្ធភាព តាមរយៈការស្តារអេកូឡូស៊ី និងបង្កើនភាពធន់ជូនសហគមន៍។ មន្ទីរបរិស្ថានខេត្តក៏បានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគី ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។\n\nជាមួយគ្នានេះ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់មូលនិធិបរិស្ថានសកល (GEF) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ដែលបានឧបត្ថម្ភគាំទ្រគម្រោងនេះ។ ឯកឧត្តមបានរំលេចថា ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការ «ពន្លកបៃតង» ដោយបានចែកកូនឈើឥតគិតថ្លៃប្រមាណ ៥លានដើម ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ សម្រេចបានជាផ្លែផ្កា គម្រោង NI Cambodia បានដាំកូនកោងកាងប្រមាណ ៣០,០០០ដើម នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ និងនៅកោះស្រឡៅខេត្តកោះកុង ព្រមទាំងបង្កើតទីតាំងចិញ្ចឹមក្តាមថ្ម និងគ្រុំជំពុះទាបែបបរិស្ថានជូនសហគមន៍នេសាទចំនួន ៤នៅស្រុកព្រៃនប់។ ទិសដៅបន្ត គឺការពង្រីកគំរូជោគជ័យនេះទៅកាន់តំបន់ឆ្នេរផ្សេងទៀត ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យឈានទៅសម្រេចបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕ អត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"17931","languageVersionId":"17083","visibilityVersion":"3","versionToken":"a1.CxzhknUMt9bdi10xdfROAMNQV5EUex2473fQAn1TbVI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-06T06:14:21Z"}