# គ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏រន្ធត់នៅប្រទេសអេហ្ស៊ីប ផ្តាច់ជីវិតមនុស្ស ៧ នាក់ និងជាង ១២០ នាក់ទៀតរងរបួស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/11036>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"19210","languageVersionId":"20521","visibilityVersion":"3","versionToken":"a1.RrZQs_heMydVdAdrrEgxYGnXlmiAbqB2GKXebYLARf0"}

Original publication: 2026-11-09T01:34:12Z

រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នានៅភាគខាងត្បូងទីក្រុងគែរ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និងជាង១២០នាក់រងរបួស។ ប្រធានាធិបតីអេហ្ស៊ីបបានបញ្ជាឱ្យស៊ើបអង្កេត។

មហន្តរាយដ៏រន្ធត់មួយបានកើតឡើងនៅភាគខាងត្បូងរដ្ឋធានី គែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាម្សិលមិញ ដោយរថភ្លើងដឹកអ្នកដំណើរពីរគ្រឿង បានបុកគ្នាពេញមួយទំហឹង បណ្តាលឱ្យឆេះ ក្រឡាប់ធ្លាក់ចេញពីផ្លូវដែក និងឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧ នាក់ និងជាង ១២០ នាក់ផ្សេងទៀតរងរបួស។
យោងតាមអាជ្ញាធរផ្លូវដែកប្រទេសអេហ្ស៊ីបបានឱ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង នៅពេលដែលរថភ្លើងមួយគ្រឿង ដែលកំពុងធ្វើដំណើរពីខេត្តជីហ្សា (Giza) ទៅកាន់ខេត្តហ្វាយូម (Fayoum) បានបុកចំពីក្រោយពេញមួយទំហឹង លើរទេះភ្លើងមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងពីទីក្រុង គែរ។
លោកប្រធានាធិបតី អាប់ដេល ហ្វាតតា អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានថ្លែងថា លោកកំពុងតាមដានឧបទ្ទវហេតុដ៏ក្រៀមក្រំនេះ និងបានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យបើកការស៊ើបអង្កេតជាបន្ទាន់មួយ ដើម្បី ស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។
គួររំលឹកផងដែរថា ប្រជាជនអេហ្ស៊ីបសរុប ១១០ លាននាក់ ពឹងផ្អែកយ៉ាងខ្លាំងលើការធ្វើដំណើរតាមផ្លូវដែក ប៉ុន្តែបណ្តាញគមនាគមន៍ដ៏ធំមួយនេះ ដែលជាបណ្តាញធំបំផុតមួយនៅក្នុងទ្វីបអាហ្វ្រិក តែងតែជួបប្រទះនូវគ្រោះថ្នាក់ស្លាប់មនុស្សជាញឹកញាប់ ជាក់ស្តែងកាលពីឆ្នាំ ២០០២ មនុស្សជាង ៣៧០ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលអគ្គិភ័យបានឆាបឆេះរថភ្លើងដឹកអ្នកដំណើរនៅភាគខាងត្បូងទីក្រុង គែរ៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


