{"asset":"news","key":"11048","locale":"km","id":"news:11048:km","entityId":"news:11048","canonicalUrl":"https://www.kps-tv.com/km/news/detail/11048","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុបា្ររព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦និងទិវាកំណើតកងយោធពលខេមរភូមិន្ទ","summary":"រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត។","body":"នាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នា២០២៦ខេត្តព្រះសីហនុ បានប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ តំណាងកុងស៊ុលវៀតណាម និងចិនប្រចាំខេត្ត ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវេទិកា ៧ មករា ក្រុងព្រះសីហនុ។\n\nក្នុងអង្គមីទ្ទិញដ៏អធិកអធមនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ពីមហាសមិទ្ធផលនៃព្រះរាជបូជនីយកិច្ចដណ្តើមឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ក្រោមព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងគុណបំណាច់ដ៏ធំធេងរបស់វីរជនយុទ្ធជនគ្រប់ជំនាន់។ ឯកឧត្តម ក៏បានរំលឹកពីដំណើរប្រវត្តិសាស្ត្រឆ្លងកាត់ភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ រហូតដល់ការទទួលបានសន្តិភាពពេញលេញតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ និងការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។\n\nទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីប្រែក្លាយខេត្តឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គោលដៅទេសចរណ៍ឆ្នេរបៃតង និងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ។\n\nឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួបរួមសាមគ្គីគ្នាថែរក្សាសន្តិភាព និងចូលរួមកសាងអភិវឌ្ឍន៍មាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿង។ ពិធីនេះក៏មានការអានសារលិខិតស្វាគមន៍ដោយ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងមានកិច្ចពិធីគោរពវិញ្ញាណក្ខន្ធ របាំជូនពរ និងការបង្ហោះប៉េងប៉ោងអបអរសាទរយ៉ាងសប្បាយរីករាយផងដែរ៕ អត្ថបទ៖ ប៉ៃ សុឃីម\nរូបភាព៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"5","publishedWorkingVersionId":"19277","languageVersionId":"20647","visibilityVersion":"5","versionToken":"a1.ucGYqo6yvZB1uqGRQoz5hwAp1wcB3kElSyqnJFZ3Xd0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-11-09T04:19:03Z"}