រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគ្គនាយកស៊ីម៉ាក់អះអាងថា យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់បែក MK-82 លើវត្តតាមាន់សែនជ័យ

សេចក្តីសង្ខេប

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អគ្គនាយកស៊ីម៉ាក់ ហេង រតនា បានអះអាងថា បំណែកគ្រាប់បែកដែលរកឃើញពេលពិនិត្យសុវត្ថិភាពនៅវត្តតាមាន់សែនជ័យ ជាបំណែកគ្រាប់បែក MK-82 ដែលយន្តហោះ F-16 របស់កងទ័ពអាកាសថៃបានទម្លាក់។ លោកថា គ្រាប់បែកទាំងពីរផលិតនៅខែមករា ឆ្នាំ២០២៣។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ (CMAC) បានអះអាងថា បំណែកគ្រាប់បែកដែលរកឃើញនៅវត្តតាមាន់សែនជ័យ ជាបំណែកគ្រាប់បែកប្រភេទ MK-82 ដែលយន្តហោះ F-16 របស់កងទ័ពអាកាសថៃបានទម្លាក់។ 

នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញស៊ីម៉ាក់បានត្រួតពិនិត្យសុវត្ថិភាពជូនគណៈកម្មការ និងអាចារ្យវត្តតាមាន់សែនជ័យ ក្នុងភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបានរកឃើញបំណែកគ្រាប់បែកនៅទីនោះ។ 

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា គ្រាប់បែក MK-82 មានទម្ងន់ប្រមាណ ២៥០ គីឡូក្រាម ហើយត្រូវបានបំពាក់ឧបករណ៍នាំផ្លូវ GBU-12 Paveway II។

បើតាមលោក ហេង រតនា បំណែកដែលបានរកឃើញនោះមកពីគ្រាប់បែកចំនួន ២ គ្រាប់ ដែលមានលេខស៊េរី Serial No. 22002788 និង Serial No. 22002794 ហើយផលិតនៅខែមករា ឆ្នាំ២០២៣។

ទន្ទឹមនឹងការបញ្ជាក់ភស្តុតាំងនេះ លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចោទជាសំណួរថា រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀមនិងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច?»។

លោក ហេង រតនា គូសបញ្ជាក់ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…