រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទិដ្ឋភាពពលកររាប់ពាន់នាក់រងចាំអាជ្ញាធរព្រំដែនបើកទ្វារច្រកដើម្បីវិលចូលស្រុកកំណើតវិញ

សេចក្តីសង្ខេប

តាមអង្គការសង់ត្រាល់ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ពលករកម្ពុជារាប់ពាន់នាក់រង់ចាំនៅច្រកបានឡែមខាងថៃ ដើម្បីវិលចូលតាមច្រកអន្តរជាតិដូងក្នុងខេត្តបាត់ដំបង។ តាមទិន្នន័យក្រសួងការងារ ពលករកម្ពុជាចំនួន ៦៧០,៨៣៩ នាក់បានវិលពីថៃមកកម្ពុជាចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ល្ងាចថ្ងៃទី៥ ខែសីហា។

ទិដ្ឋភាពពលករវិលត្រឡប់ នាព្រឹកម៉ោង០៨ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរងចាំនៅច្រកបានឡែម ខាងថៃ វិលចូលតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ ពលករជាច្រើនពាន់នាក់ ពួកគេរងចាំអាជ្ញាធរព្រំដែន បើកទ្វារច្រក ដើម្បីវិលចូលស្រុកកំណើតវិញ។ នេះបើតាមអង្គការសង់ត្រាល់។

បើតាមឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង យោងព័ត៌មានបឋម ថ្ងៃនេះ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥) មានពលករច្រើនណាស់ នឹងចូលតាមច្រកទ្វារដូងត្រឡប់មកកម្ពុជាវិញ។ ជាមួយគ្នាឯកឧត្តម ក៏បានណែនាំឱ្យត្រៀមកម្លាំងដើម្បីជួយសម្របសម្រួលដល់ពលករខ្មែរដែលវិលមកវិញផងដែរ។

យ៉ាងណាមិញ បើតាមប្រភពពីពលករភាគច្រើននៅច្រកអន្តរជាតិដូង (បានឡែម) បានផ្តល់ព័ត៌មានមកក្រុមការងារសង់ត្រាល់ខ្លីៗកាលពីថ្ងៃទី០២ ខែសីហាថា៖ «ខ្ញុំចាកចេញពីប្រទេសថៃ មកកម្ពុជា វិញយឺត ដោយសារតែខ្ញុំរង់ចាំបើកលុយពីថៅកែ» ។

សូមជម្រាបថា ពលករខ្មែរដែលវិលត្រឡប់ពីថៃមកកម្ពុជាវិញ ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ មានចំនួនសរុប៦៧០,៨៣៩នាក់។ នេះបើតាមទិន្នន័យរបស់ក្រសួងការងារ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…