សំណុំរឿងដ៏ក្តៅគគុក បានផ្ទុះឡើងក្នុងពិភពបច្ចេកវិទ្យា និងនយោបាយអាមេរិក បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យា លោក Jensen Huang វ័យ ៦៣ ឆ្នាំ បានសារភាពទម្លាយចំពោះមុខក្រុមប្រឹក្សាភិបាល និងបានចេញមុខសុំទោសជាសាធារណៈចំពោះភរិយា និងកូនៗ ថា លោកពិតជាមានទំនាក់ទំនងស្នេហាផ្ទាល់ខ្លួនជាមួយស្ត្រីជនជាតិចិនម្នាក់ ឈ្មោះ Alice Huang ដែលត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA និង FBI) ចាត់ទុកជាតួអង្គចារកម្មបម្រើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង!
យោងតាមការស៊ើបអង្កេតរបស់ភ្នាក់ងារសម្ងាត់អាមេរិក ដែលតាមដានរឿងនេះជាងមួយឆ្នាំ បានរកឃើញថា ស្រ្តីឈ្មោះ Alice Huang ត្រូវបានក្រសួងសន្តិសុខរដ្ឋចិនបញ្ជូនមក ដើម្បីពង្វក់ និងបូមយកព័ត៌មានសម្ងាត់បច្ចេកវិទ្យាឈីប AI កម្រិតកំពូលរបស់ក្រុមហ៊ុន Nvidia។ ជនសង្ស័យរូបនេះ គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូបនៅក្រុមហ៊ុន Megaspeed ដែលជាអតិថិជនយក្សផ្ដាច់មុខ បញ្ជាទិញបន្ទះឈីប AI សាងសង់មជ្ឈមណ្ឌលទិន្នន័យតម្លៃរហូតដល់ទៅ ៤.៨ ពាន់លានដុល្លារ ពីក្រុមហ៊ុន Nvidia ចាប់តាំងពីឆ្នាំ ២០២៤ មក។
ទោះបីជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia អះអាងថា គ្មានភស្តុតាងបែកធ្លាយទិន្នន័យសម្ងាត់ក៏ដោយ ប៉ុន្តែការដែលមេក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏បំផុតលើពិភពលោកមួយរូប ធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់ចារកម្មបរទេសដូចអ្វីដែលអាមេរិក ចោទប្រកាន់នោះ គឺជា «ចំណុចរសើបយ៉ាងខ្លាំង» សម្រាប់ក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរថា លោក Jensen Huang គឺជា «ឆ្អឹងខ្នង» ដ៏សំខាន់របស់ក្រុមហ៊ុន Nvidia ព្រមទាំងជាមិត្តដ៏ជិតស្និតមួយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈដែលការផ្ទុះឡើងនៃរឿងអាស្រូវនេះ បើទោះបីជារឿងអាស្រូវនេះ មិនអាចធ្វើឱ្យក្រុមហ៊ុន Nvidia ដួលរលំក៏ដោយ ប៉ុន្តែវាក៏ជាស្នាមប្រឡាក់ដ៏ធំលើកេរ្តិ៍ឈ្មោះរបស់លោក Jensen Huang ដែលខំកសាងមកអស់រយៈពេលជាច្រើនឆ្នាំ។
យ៉ាងណាមិញ ជាការឆ្លើយតប ប្រទេសចិន បានច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដោយហៅវាថាជា «ការប្រឌិត និងការមួលបង្កាច់ដែលគ្មានមូលដ្ឋាន»៕ អត្ថបទ៖ រិទ្ធី
