ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឱ្យឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហរដ្ឋអាម៉េរិក (United States of America) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ការចូលថ្វាយសារតាំងនេះ គឺជាជំហានផ្លូវការក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។

ឯកឧត្តម Christopher Anderson មានបទពិសោធន៍ជាង ១៧ឆ្នាំក្នុងវិស័យសន្តិសុខ កិច្ចការបរទេស និងគោលនយោបាយអន្តរជាតិ។ ឯកឧត្តមធ្លាប់បម្រើការក្នុងកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ក្នុងតួនាទីជាវិស្វករប្រយុទ្ធ និងធ្លាប់បំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយមក ឯកឧត្តមបានបំពេញការងារជាទីប្រឹក្សា និងមន្ត្រីជំនួយការឱ្យសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកមួយចំនួន ព្រមទាំងធ្លាប់កាន់តួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជនសហរដ្ឋអាម៉េរិក និងជាទីប្រឹក្សាសន្តិសុខជាតិនៃសមាជិកព្រឹទ្ធសភា Steve Daines។ ឯកឧត្តមទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Wisconsin-La Crosse និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងគម្រោងពីសាកលវិទ្យាល័យ Pennsylvania State។


ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ឯកឧត្តម Christopher Anderson មានបេសកកម្មសំខាន់ក្នុងការជំរុញទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ។ ការបំពេញបេសកកម្មរបស់ឯកឧត្តមត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែរីកចម្រើន៕ អត្ថបទដោយ៖ សុភ័ក្រ្ត

