នៅថ្ងៃទី២០ ខែសីហា ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍ថា លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឆ្លើយតបនឹងការចោទរបស់ភាគីថៃអំពីសំណល់គ្រាប់បែក និងជម្លោះព្រំដែន។ លោកបានចោទភាគីថៃថាបំភ្លៃបញ្ហា ដោយប្រៀបថាធ្វើឱ្យរឿងធំទៅជាតូច និងរឿងតូចទៅជាធំ។
លោក ហេង រតនា ថាគ្រាប់បែក MK-84 ទម្លាក់ពីយន្តហោះ F-16 មានទម្ងន់ជិតមួយតោន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន។ លោកថានៅសល់គ្រាប់បែកប្រាំគ្រាប់កប់ក្នុងដី។ លោកច្រានចោលការលើកឡើងរបស់ភាគីថៃថាជាសំណល់សង្គ្រាមឆ្នាំ១៩៧០–១៩៧៣ ដោយយោងថា MK-84 ផលិតនៅឆ្នាំ១៩៩៦ និង MK-82 នៅឆ្នាំ២០២៣។
លោកថា ភាគីថៃបង្ហាញខ្លួនជាជនរងគ្រោះ និងចោទកម្ពុជាថាបង្ខូចកេរ្តិ៍ឈ្មោះថៃ។ លោកថា ទីតាំងគ្រាប់បែកនៅភូមិថ្មដូន ឃុំគោកមន អាចត្រូវបានពិនិត្យពេលមន្ត្រីជំនាញ CMAC ដោះយុទ្ធភណ្ឌ។
លោក ហេង រតនា ក៏ថា គ្រាប់ផ្លោង១៥៥មិល្លីម៉ែត្រ គ្រាប់បែកចង្កោម និងគ្រាប់បែកផ្សេងទៀតបានគំរាមតំបន់ប្រាសាទព្រះវិហារ។ លោកបានជំទាស់ការចោទរបស់ភាគីថៃថាកម្ពុជាដាក់មីន PMN-2 លើដីថៃ និងចោទសួរពីមូលដ្ឋាននៃការចោទនៅតំបន់មានជម្លោះ។
លោកលើកឡើងថា អ្នកស៊ើបអង្កេតអាចប្រើបច្ចេកវិទ្យាទំនើប រួមទាំង AI ដើម្បីតាមដានប្រភព MK-82, MK-84 និងយុទ្ធភណ្ឌផ្សេងទៀត ចាប់ពីផលិត លក់ ដឹកជញ្ជូន រហូតដល់ការប្រើប្រាស់។
សម្រួលដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ






