រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុន CIMIC Group ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែម

សេចក្តីសង្ខេប

ក្រុមហ៊ុន CIMIC Group បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល និងគណៈប្រតិភូដឹកនាំដោយលោក Robert Seidler នៅថ្ងៃទី២៥ ខែសីហា។

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group ដឹកនាំដោយលោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group។ ក្នុងជំនួបនេះ ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោក Robert Seidler តំណាងសមាជិកក្រុមប្រឹក្សាភិបាល បានជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការពង្រីកការវិនិយោគបន្ថែមឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្រុមហ៊ុនបានសម្តែងនូវការពេញចិត្តចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ មិនតែប៉ុណ្ណោះ កម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…