រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

SunRice Group ចាប់អារម្មណ៍សិក្សាការវិនិយោគរោងចក្រ និងការដាំស្រូវ Japonica នៅកម្ពុជា

សេចក្តីសង្ខេប

លោក ស៊ុន ចាន់ថុល បានជួបលោក Paul Serra កាលពីថ្ងៃទី២៥ ខែសីហា។ SunRice Group បង្ហាញចំណាប់អារម្មណ៍មកសិក្សាលទ្ធភាពបង្កើតរោងចក្រ និងនាំពូជស្រូវ Japonica មកកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ដោយមានការចូលរួមពីគណៈប្រតិភូអមដំណើររួមមានក្រសួង ស្ថាប័នកម្ពុជា និងផ្នែកឯកជនជាច្រើនរូប។

តាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងនាំយកពូជ ព្រមទាំងបច្ចេកវិទ្យាបង្កបង្កើនផលស្រូវ Japonica មកប្រទេសកម្ពុជា។ ក្រុមហ៊ុន SunRice Group ក៏ត្រូវបានគេដឹងថាជាក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីដំបូងគេ ដែលបាននាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី និងនូវែលហ្សេឡង់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សចំពោះការជួបពិភាក្សាការងារផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ការងារទៅវិញទៅមកនាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាដែលកម្ពុជាមាន ស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគក្នុងបរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន និងវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅក្នុងប្រទេសកម្ពុជាដែលកាន់តែផ្ដល់ភាពងាយស្រួលដល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជា។

ក្រុមហ៊ុន SunRice Group គឺជាក្រុមហ៊ុនកែច្នៃផលិតផលចំណីអាហារ និងអង្ករមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅលើពិភពលោក ដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៥០ ហើយបច្ចុប្បន្នក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…