ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែសីហា។ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានជួបលោក ស៊ូ ហាវ អភិបាលរងខេត្តយូណាន និងគណៈប្រតិភូ កាលពីរសៀលម្សិលមិញ។ ភាគីទាំងពីរបានពិភាក្សាកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-យូណាន និងបង្ហាញគោលដៅទេសចរណ៍ចម្រុះរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវពីយូណានបន្ថែម។
ភាគីទាំងពីរឯកភាពជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយដល់ប្រជាជនយូណាន ស្របតាមស្មារតីឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥។ រដ្ឋបាលខេត្តយូណានក៏នឹងលើកទឹកចិត្តវិនិយោគិនរបស់ខ្លួនឱ្យអភិវឌ្ឍផលិតផលទេសចរណ៍នៅកម្ពុជា។
ភាគីទាំងពីរគ្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ ដោយអញ្ជើញតំណាងសារព័ត៌មាន និងអ្នកបង្កើតមាតិកាតាមអ៊ីនធឺណិតល្បីៗពីយូណានមកកម្ពុជា ដើម្បីជួយលើកកម្ពស់ការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវអន្តរជាតិ។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ចងក្រងព័ត៌មាន។




