ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១ ខែកញ្ញា។ ចិនបានប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រការកសាងឡើងវិញ និងស្តារជីវភាពសហគមន៍រងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា–ថៃ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១ ខែកញ្ញាថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងធានជីន ថ្ងៃទី៣០ ខែសីហា ក្នុងឱកាសបំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ។
ក្នុងការពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា–ថៃ ចិនបានប្រកាសជំនួយមនុស្សធម៌ ដើម្បីជួយស្តារជីវភាពសហគមន៍ កសាងឡើងវិញ និងកាត់បន្ថយផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយលក្ខណៈស្ថាបនារបស់ចិន ក្នុងការជួយជំរុញកិច្ចសន្ទនានិងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ លោកក៏បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់ចិន។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រៀបរៀង។



