រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យនាយករដ្ឋមន្ត្រី៖ ចិនគាំទ្របទឈប់បាញ់កម្ពុជា-ថៃ និងប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០ លានយ័ន

សេចក្តីសង្ខេប

អ្នកនាំពាក្យនាយករដ្ឋមន្ត្រី មាស សុភ័ណ្ឌ បានឱ្យដឹងថា ប្រធានាធិបតីចិនគាំទ្របទឈប់បាញ់កម្ពុជា–ថៃ និងបានប្រកាសជំនួយមនុស្សធម៌២០លានយ័ននៅជំនួបថ្ងៃទី៣០ ខែសីហា។

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រកាសថា ប្រទេសចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយគាំទ្រយន្តការបទឈប់បាញ់របស់អាស៊ាន និងការរៀបចំបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីឱ្យបានឆាប់រហ័ស។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលបានប្រារព្ធនៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ នោះ ឯកឧត្តម អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជាក្នុងការកសាង និងពង្រឹងសមត្ថភាពអភិវឌ្ឍដោយផ្អែកលើខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានាធិបតីចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០ លានយ័ន ដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងបន្ធូរទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដា កន្លងទៅ។

សូមជម្រាបជូនថា នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ជួបប្រជុំការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ប្រធានាធិបតីចិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចមហាបវរធិបតី និងគណៈប្រតិភូកម្ពុជា ដោយរំពឹងថាវត្តមានរបស់សម្តេចនាយករដ្ឋមន្ត្រី ជាកាលានុវត្តភាពសំខាន់ក្នុងការបន្តរឹតបន្តឹងចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនមកកម្ពុជា កាលពីខែមេសា៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…