ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែកញ្ញា៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានបញ្ជាក់តាមបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២ ខែកញ្ញាថា ចិនជាប្រទេសដំបូងនិងផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជាចាប់តាំងពីជម្លោះព្រំដែនកម្ពុជា–ថៃ។ លោកថា ចិនជាដៃគូយុទ្ធសាស្ត្រដែលអាចទុកចិត្តបានទាំងពីអតីតកាល បច្ចុប្បន្ន និងអនាគត។
សារនេះធ្វើឡើងស្របពេលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ។ របាយការណ៍ថា ដំណើរទស្សនកិច្ចផ្តល់លទ្ធផលផ្នែកនយោបាយ ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយលោកបានជួបប្រធានាធិបតីចិន ស៊ី ជីនពីង ដាច់ដោយឡែក។
ចិនប្តេជ្ញាពង្រឹងកិច្ចសហការក្នុងក្របខ័ណ្ឌត្បូងពេជ្រ រួមមានមច្ឆានិងអង្ករ ឧស្សាហកម្មនិងបច្ចេកវិទ្យា។ ចិនគាំទ្រយន្តការអាស៊ានសង្កេតបទឈប់បាញ់ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី និងស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។
ចិនប្រកាសផ្តល់ជំនួយមនុស្សធម៌២០លានយ័នដល់កម្ពុជា ដើម្បីជួយស្តារការខូចខាតពីជម្លោះ និងគាំទ្រប្រជាពលរដ្ឋរងផលប៉ះពាល់។
អ្នកវិភាគយល់ថា សារនេះបញ្ជាក់ជាថ្មីពីមិត្តភាពដែកថែប និងផ្តល់កម្លាំងជំរុញថ្មីដល់ទំនាក់ទំនងកម្ពុជា–ចិន។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍សរុប។



