ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៨ ខែកញ្ញា៖ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនលោក អនុទិន ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។
សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា ជ័យជម្នះរបស់លោក អនុទិន បង្ហាញពីទំនុកចិត្តរឹងមាំរបស់ប្រជាជនថៃលើការដឹកនាំរបស់លោក ហើយជឿថា ក្រោមការដឹកនាំរបស់លោក ថៃនឹងសម្រេចការអភិវឌ្ឍនិងសមិទ្ធផលថ្មីៗ។
សម្តេចបញ្ជាក់ថា កម្ពុជានិងថៃជាប្រទេសជិតខាង មានប្រវត្តិទំនាក់ទំនងជ្រាលជ្រៅ និងជាសមាជិកសំខាន់នៃអាស៊ាន។ ការរក្សាមិត្តភាពអ្នកជិតខាង ការរួមរស់ដោយសន្តិភាព និងវិបុលភាពរួម គឺស្របផលប្រយោជន៍មូលដ្ឋានរបស់ប្រទេសនិងប្រជាជនទាំងពីរ។
សម្តេចថា កម្ពុជាត្រៀមសហការជាមួយថៃ ដើម្បីឆ្លងកាត់បញ្ហាប្រឈម ស្តារទំនាក់ទំនងឱ្យប្រក្រតី កសាងទំនុកចិត្តឡើងវិញ និងប្រែក្លាយព្រំដែនរួមទៅជា «ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួម»។
សម្តេច ហ៊ុន ម៉ាណែត បញ្ចប់ដោយសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ និងជូនពរលោក អនុទិន ឱ្យទទួលជោគជ័យក្នុងការដឹកនាំរដ្ឋាភិបាល និងនាំប្រជាជនថៃទៅកាន់អនាគតរុងរឿងនិងសុភមង្គល។
ស្ថានីយ៍យើងចងក្រងព័ត៌មាន


