ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា៖ កាលពីម្សិលមិញ ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាផ្លាស់ប្តូរកិច្ចសហការវិនិយោគអន្តរជាតិខ្សែក្រវាត់និងផ្លូវថា គំនិតផ្តួចផ្តើមរបស់ចិននេះរួមចំណែកសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ។
ឯកឧត្តមថា ប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាបានសាងសង់ផ្លូវជាតិជាង៣.០០០គីឡូម៉ែត្រ និងស្ពានធំ១៦ តាមកិច្ចសហការខ្សែក្រវាត់និងផ្លូវ ព្រមទាំងផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ គម្រោងព្រែកជីកហ្វូណនតេជោក៏កំពុងជំរុញទៅមុខ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះកាត់បន្ថយពេលដឹកជញ្ជូន តភ្ជាប់ទីក្រុងនិងជនបទ ធ្វើឱ្យកសិផលទៅដល់ទីផ្សារងាយស្រួល និងផ្តល់ឱកាសដល់ភ្ញៀវទេសចរនិងវិនិយោគិនរាប់លាននាក់។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងទាំងនេះកំពុងដាក់មូលដ្ឋានរឹងមាំសម្រាប់ទំនើបកម្មកម្ពុជា និងធានាភាពរុងរឿងនាពេលអនាគត។ បទពិសោធន៍កម្ពុជាបង្ហាញថា ខ្សែក្រវាត់និងផ្លូវជាគំរូសហការឈ្នះ–ឈ្នះ ដែលជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចនិងកំណើនចីរភាព។
សម្លឹងទៅមុខ ឯកឧត្តមថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហការក្នុងក្របខណ្ឌនេះ ទាំងគម្រោងជាក់ស្តែងដូចជាផ្លូវនិងកំពង់ផែ និងពង្រីកទៅការអភិវឌ្ឍបៃតង ឌីជីថល និងបណ្តុះបណ្តាលធនធានមនុស្ស ដោយជំរុញភាពចីរភាពនិងតម្លាភាព ដើម្បីឱ្យលទ្ធផលផ្តល់ប្រយោជន៍ដល់តំបន់និងពិភពលោក។
ស្ថានីយ៍យើងចងក្រងព័ត៌មាន

