រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុន VISA Worldwide Pte. Limited ប្តេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

សេចក្តីសង្ខេប

រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានជួបលោក Arturo Planell និងក្រុមការងារ Visa នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាការអនុវត្តអនុស្សរណៈយោគយល់គ្នា។ ភាគីទាំងពីរគ្រោងគាំទ្រទេសចរណ៍វៃឆ្លាត និងសិក្សាលទ្ធភាពសហការបង្កើតគណនីរណបទេសចរណ៍ Tourism Satellite Account។

នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលស្វាគមន៍លោក Arturo Planell, នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Visa Worldwide Pte. Limited និងសហការី ដើម្បីជួបពិភាក្សាការងារ និងពិភាក្សាអំពីការអនុវត្តជាក់ស្តែងនៃខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាសហការណ៍ក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្ររបស់ក្រុមហ៊ុន Visa ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងលើកស្ទួយកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈរបស់ប្រទេស ដល់អតិថិជន និងសហគមន៍អន្ដរជាតិ។

គូភាគីទាំងពីរ បានឯកភាពអនុវត្តជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងអនុស្សរណៈយោគយល់គ្នា រួមមាន ការគាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍប្រព័ន្ធទេសចរណ៍វៃឆ្លាត ដែលប្រើបច្ចេកវិទ្យាឌីជីថលទំនើប និងទិន្នន័យមានប្រសិទ្ធភាព សុវត្ថិភាព និងសន្តិសុខ។ ជាពិសេស គឺការពិនិត្យលទ្ធភាពសហការក្នុងការបង្កើត Tourism Satellite Account ដើម្បីពង្រីកសមត្ថភាព និងការគ្រប់គ្រងទិន្នន័យទេសចរណ៍កម្ពុជា។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…