ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា៖ កាលពីម្សិលមិញ ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូជួបលោក Zhou Haibing អនុប្រធានគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិន (NDRC) នៅប៉េកាំង។ ភាគីទាំងពីរពិភាក្សាកិច្ចសហការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល កសិកម្ម វប្បធម៌ និងសុខាភិបាល។
ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញវឌ្ឍនភាពគម្រោងសំខាន់ៗ ជាពិសេសព្រែកជីកហ្វូណនតេជោ។ លោកបានលើកឡើងថា ការវាស់វែងព្រំប្រទល់និងផែនការលម្អិតដំណាក់កាលទី១ បានបញ្ចប់ ហើយរំពឹងចាប់ផ្ដើមការសាងសង់នៅរដូវប្រាំងឆ្នាំ២០២៥។ គម្រោងនេះផ្ដួចផ្ដើមដោយអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា សម្ដេច ហ៊ុន សែន ហើយឈានចូលដំណាក់កាលអនុវត្តជាក់ស្ដែង ក្រោមការជំរុញរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងការគាំទ្ររបស់ប្រធានាធិបតីចិន Xi Jinping។
លោកក៏អំពាវនាវឱ្យចិនជំរុញវិនិយោគិនដែលមានសមត្ថភាព ចូលរួមគម្រោងអភិវឌ្ឍន៍ដឹកជញ្ជូននិងភស្តុភាររួម១៧៤ របស់កម្ពុជា ដែលមានទុនសរុបប្រមាណ៣៦,៦ពាន់លានដុល្លារ គ្របដណ្ដប់ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ និងការដឹកជញ្ជូនពហុមធ្យោបាយ។
លោក Zhou Haibing វាយតម្លៃខ្ពស់លទ្ធផលសហការជាក់ស្ដែង និងកិច្ចសហការជិតស្និទ្ធរបស់ក្រុមបច្ចេកទេស ដែលនាំឱ្យបញ្ចប់ការសិក្សាលទ្ធភាពនិងការរចនាបច្ចេកទេសព្រែកជីក ព្រមទាំងចុះកិច្ចព្រមព្រៀងអនុវត្ត។ លោកបញ្ជាក់ថា ចិននឹងបន្តជំរុញកិច្ចសហការលើគម្រោងអាទិភាព និងខិតខំបញ្ចប់តាមផែនការនៅឆ្នាំ២០២៨។
ជំនួបនេះបង្ហាញពីភាពរឹងមាំនិងការរីកចម្រើននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា–ចិន និងផ្ដល់កម្លាំងចលករថ្មីដល់ការវិនិយោគនិងអភិវឌ្ឍន៍។
សេចក្ដីរាយការណ៍សរុបដោយ KPS99TV។
