ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែកញ្ញា៖ យោងតាមសារព័ត៌មានកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានប្រកាសផែនការបើកសេវាហោះហើរត្រង់ពីទីក្រុងអ៊ីស្តង់ប៊ុលទៅភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងជាច្រកថ្មីតភ្ជាប់កម្ពុជាជាមួយអឺរ៉ុប និងទីផ្សារពិភពលោក។
នារសៀលថ្ងៃទី១៦ ខែកញ្ញា ឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជា Ülkü Kocaefe អមដោយគណៈប្រតិភូក្រុមហ៊ុនអាកាសចរណ៍ទួរគី ដឹកនាំដោយអនុប្រធាន Ümit Develi បានជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ ដើម្បីជម្រាបអំពីផែនការបើកជើងហោះហើរ។ គណៈប្រតិភូបានឱ្យដឹងថា សេវានេះនឹងដំណើរការតាមអាកាសយានដ្ឋានអន្តរជាតិតេជោ និងតភ្ជាប់ទៅបណ្តាញរបស់ក្រុមហ៊ុន ដែលមានគោលដៅជាង៣៥០ ក្នុងប្រទេសជាង១៣០។
លោក ហួត ហាក់ បានស្វាគមន៍គម្រោងនេះ ដោយលើកឡើងថា វានឹងជួយបង្កើនភាពទាក់ទាញរបស់ទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជាមួយពិភពលោក។ លោកបានចាត់ទុកថា នេះជាវឌ្ឍនភាពសំខាន់មួយទៀតក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប។
អ្នកក្នុងវិស័យបានវាយតម្លៃថា សេវាអ៊ីស្តង់ប៊ុល-ភ្នំពេញ អាចជួយបង្កើនភ្ញៀវអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពន្លឿនការភ្ជាប់កម្ពុជាទៅបណ្តាញអាកាសចរណ៍ពិភពលោក។
ចងក្រងដោយស្ថានីយ





