តាមសារព័ត៌មានកម្ពុជា ថ្ងៃនេះជាទិវារដ្ឋធម្មនុញ្ញកម្ពុជា និងជាខួប៣២ឆ្នាំនៃការប្រកាស និងដាក់ឱ្យប្រើជាផ្លូវការរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏សំខាន់នេះ ប្រមុខរដ្ឋស្តីទីកម្ពុជា ហ៊ុន សែន បានចេញសារតាមបណ្តាញសង្គមអបអរសាទរប្រជាជនទូទាំងប្រទេស។ លោកបានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស និងជាគ្រឹះធានាសណ្តាប់ធ្នាប់ជាតិ និងប្រព័ន្ធប្រជាធិបតេយ្យ។
សម្តេច ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញ។ លោកបានឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានដាក់មូលដ្ឋានសម្រាប់ដំណោះស្រាយវិបត្តិកម្ពុជាដោយសន្តិវិធី។ បន្ទាប់មក ក្រោមការគាំទ្ររបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា កម្ពុជាបានរៀបចំការបោះឆ្នោតសកលជាលើកដំបូងនៅខែឧសភា ឆ្នាំ១៩៩៣។ នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំដដែល ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានឡាយព្រះហស្តលេខាលើព្រះរាជក្រមនៅព្រះបរមរាជវាំង ភ្នំពេញ ដើម្បីប្រកាសប្រើរដ្ឋធម្មនុញ្ញជាផ្លូវការ ដែលជាទំព័រប្រវត្តិសាស្ត្ររបស់ប្រទេស។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញបានកំណត់ច្បាស់ពីគោលការណ៍បែងចែកអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងធានាសិទ្ធិ និងសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍គ្រឹះនៃនីតិរដ្ឋ។
ក្រៅពីសម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័ន និងក្រសួងនានារបស់កម្ពុជាក៏បានចេញសារអបអរសាទរតាមបណ្តាញផ្សេងៗ ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់រដ្ឋធម្មនុញ្ញចំពោះការអភិវឌ្ឍជាតិ និងស្ថិរភាពសង្គម។
សម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនទូទាំងប្រទេសបន្តឱ្យតម្លៃ និងគោរពរដ្ឋធម្មនុញ្ញ ហើយរួមគ្នាថែរក្សាសន្តិភាព និងវិបុលភាពរបស់ប្រទេស។
ស្ថានីយយើងចងក្រងរាយការណ៍



