តាមសារព័ត៌មានថៃ ថ្ងៃទី២៥ ខែកញ្ញា លោក អានុទីន ឆានវីរៈគុល ដែលអត្ថបទដើមបញ្ជាក់ថា ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃថៃ បានឆ្លើយតបជាសាធារណៈជាលើកដំបូងចំពោះការលើកឡើងអំពីព្រំដែនរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ក្នុងបទសម្ភាសនៅមន្ទីរពេទ្យ Vajira ក្រុងបាងកក។
លោក អានុទីន ថ្លែងថា ថៃនឹងមិនសម្បទានលើអធិបតេយ្យភាពទេ ហើយសេចក្តីសម្រេចអំពីព្រំដែន មិនថាដឹកនាំដោយយោធា ឬក្រុមប្រឹក្សាសន្តិសុខជាតិ នឹងផ្តោតលើផលប្រយោជន៍ថៃ។ លោកថា តំបន់ព្រំដែនស្ថិតក្រោមច្បាប់អាជ្ញាសឹក និងមានមេបញ្ជាការយោធភូមិភាគទី២ទទួលខុសត្រូវដោយផ្ទាល់ ហើយការផ្ទេរតំណែងមេបញ្ជាការមិនប៉ះពាល់ដល់ការរៀបចំរួមទេ។
ចំពោះសម្តីសម្តេច ហ៊ុន សែន ថា ទោះបិទច្រកព្រំដែន១០០ឆ្នាំក៏មិនប៉ះពាល់កម្ពុជា លោក អានុទីន ថ្លែងថា ការនិយាយពីអ្វីដែលលោកគិតអាចប៉ះពាល់ទំនាក់ទំនងទ្វេភាគី ហើយលោកសង្ឃឹមថាមិនដល់ដំណាក់កាលនោះទេ។ លោកថា ថៃបានបិទច្រកព្រំដែន ហើយការចរចាមិនអាចបន្តបាន បើកម្ពុជាបន្តដាក់ពង្រាយអាវុធធុនធ្ងន់ ដ្រូន និងគ្រាប់បែកតាមព្រំដែន។ លោកថា វិធានការអាចពង្រីកទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈផ្សេងទៀត។
លោកក៏បានចោទកម្ពុជាថា មិនអនុវត្តកិច្ចព្រមព្រៀងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅខេត្តព្រះសីហនុ ខណៈថៃមានភស្តុតាងថាបានអនុវត្តការប្តេជ្ញារបស់ខ្លួន។ លោកបានស្នើឱ្យប្រទេសទី៣ជំរុញកម្ពុជាគោរពកិច្ចព្រមព្រៀង ដើម្បីរក្សាសន្តិភាពក្នុងតំបន់។
ឆ្លើយតបក្តីបារម្ភរបស់ប្រជាពលរដ្ឋតាមព្រំដែន លោកថា ក្នុងនាមនាយករដ្ឋមន្ត្រី លោកយកចិត្តទុកដាក់ខ្លាំងចំពោះសុវត្ថិភាពប្រជាជន ហើយបានណែនាំក្រសួងមហាផ្ទៃឱ្យត្រៀមមណ្ឌលជម្លៀស និងពន្លឿនការផ្តល់ប្រាក់ជំនួយ។
លោកបញ្ជាក់ថា ថៃមានបំណងចរចាជាមួយកម្ពុជា ប៉ុន្តែមិនសម្បទានលើអធិបតេយ្យភាព និងសន្តិសុខឡើយ។
ស្ថានីយសរុបព័ត៌មាន។

