រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ

សេចក្តីសង្ខេប

ក្រសួងការពារជាតិបដិសេធការចោទរបស់ថៃ នៅថ្ងៃទី២៥ ខែកញ្ញា អំពីសម្លេងកាំភ្លើង ការផ្ទុះ និងសកម្មភាពជិតលួសបន្លា។ ក្រសួងថា កងកម្លាំងកម្ពុជាមិនបានបំពានបទឈប់បាញ់ ហើយក្រុមទំនាក់ទំនងជួរមុខនៅតែផ្លាស់ប្តូរព័ត៌មាន។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ  និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា «កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២» ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ចំពោះបញ្ហាចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា បានបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

កងកម្លាំងរបស់កម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕

ប្រភព៖ ក្រសួងការពារជាតិ

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…