សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានមានប្រសាសន៍ក្នុងជំនួបជាមួយគណៈប្រតិភូសភាម៉ាឡេស៊ីនៅរាជធានីភ្នំពេញនាពេលថ្មីៗនេះថា កម្ពុជាតែងប្រកាន់ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី។ សម្តេចបានជំរុញឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូដឹកនាំដោយសមាជិកព្រឹទ្ធសភាម៉ាឡេស៊ី បណ្ឌិត Mohd Hatta សម្តេចបានជម្រាបអំពីស្ថានការណ៍ថ្មីៗតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចបានសង្កត់ធ្ងន់ថា ភាពស្ងប់ស្ងាត់តាមព្រំដែនស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់កម្ពុជា ហើយកម្ពុជាគាំទ្រការសន្ទនា និងមធ្យោបាយការទូត ដើម្បីជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។
តាមសេចក្តីរាយការណ៍ ការប៉ះទង្គិចតាមព្រំដែនបានចាប់ផ្តើមនៅចុងខែឧសភា ហើយកើនឡើងនៅចុងខែកក្កដា ទៅជាការប្រឈមមុខប្រដាប់អាវុធរយៈពេលច្រើនថ្ងៃ។ ដោយមានការសម្របសម្រួលពីសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ភាគីទាំងពីរបានឈានដល់ការឯកភាពឈប់បាញ់។ ទោះយ៉ាងណា ភាគីកម្ពុជាបានលើកឡើងថា ថៃមិនបានគោរពកិច្ចព្រមព្រៀងជាច្រើនលើក ដែលបណ្តាលឱ្យមានភាពតានតឹងតាមព្រំដែនជាបន្តបន្ទាប់។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មានតែការគោរពការសន្យាឈប់បាញ់យ៉ាងម៉ឺងម៉ាត់របស់ភាគីទាំងពីរប៉ុណ្ណោះ ទើបអាចបង្កើតមូលដ្ឋានសម្រាប់ដំណោះស្រាយយូរអង្វែង និងស្តារទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញ។ សម្តេចក៏បានថ្លែងអំណរគុណម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះតួនាទីសម្របសម្រួលដ៏សំខាន់។
តំណាងម៉ាឡេស៊ីបានឆ្លើយតបថា ពួកគេសង្ឃឹមឱ្យកម្ពុជា និងថៃដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី និងកសាងទំនុកចិត្ត និងស្ថិរភាពតាមព្រំដែនឡើងវិញ។
សេចក្តីរាយការណ៍សរុបរបស់ស្ថានីយ




