របាយការណ៍ថ្មីរបស់ក្រសួងទេសចរណ៍បង្ហាញថា ទោះបីមានភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃក៏ដោយ ក្នុង៨ខែដំបូងឆ្នាំ២០២៥ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ៤,០៥លាននាក់ ថយ៥,៦%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទីផ្សារភ្ញៀវចិនវិញមានកំណើនខ្លាំង។
ភ្ញៀវចិនមាន៧៨៤.០០០នាក់ កើន៤៥,៧% និងជាទីផ្សារភ្ញៀវធំទី៣របស់កម្ពុជា។ ភ្ញៀវថៃមាន៩៦២.៤០០នាក់ ថយ២៨,២%ពី១,៣៤លាននាក់ក្នុងរយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែនៅតែឈរលេខ១។ វៀតណាមឈរលេខ២ ដោយមាន៨០៨.៤០០នាក់ ថយ៦,៩%។
ភ្ញៀវចូលតាមផ្លូវអាកាសមាន១,៨៨លាននាក់ កើន២២,៤%។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,៤១៦លាននាក់ កើន២៥,២% អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួល៤២៧.៩០០នាក់ កើន៩% ខណៈអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុទទួល៣៦.៦០០នាក់ កើន១៨៦%។
ក្នុងចំណោមគោលដៅទេសចរណ៍ធំៗ ភ្នំពេញទទួលភ្ញៀវបរទេស១.៣៤១.៦០០នាក់ ថយ១៣% សៀមរាបទទួល៦៦៩.៦០០នាក់ កើន២,៧% និងខេត្តព្រះសីហនុទទួល២៧៦.០០០នាក់ កើន២៥%។
ក្រសួងបានរំលឹកថា ឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវអន្តរជាតិ៦,៧លាននាក់ បង្កើតចំណូល៣,៦៣ប៊ីលានដុល្លារ និងមានចំណែក៩,៤%នៃផលិតផលក្នុងស្រុកសរុប។
សម្រាប់ឆ្នាំ២០២៥ ក្រសួងព្យាករថាភ្ញៀវអន្តរជាតិអាចមាន៧,២លានទៅ៧,៥លាននាក់។ ដើម្បីទាក់ទាញភ្ញៀវ រដ្ឋាភិបាលបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិកចាប់ពីឆ្នាំនេះ៖ e-Visa T សម្រាប់ទេសចរណ៍ ពី៣៦ដុល្លារមក៣០ដុល្លារ និង e-Visa E ធម្មតា ពី៤២ដុល្លារមក៣៥ដុល្លារ។ ប្រព័ន្ធលក់សំបុត្រចូលអង្គរក៏ត្រូវបានធ្វើទំនើបកម្មជាប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីបង្កើនភាពងាយស្រួល និងបទពិសោធន៍ភ្ញៀវ។
អ្នកក្នុងវិស័យទេសចរណ៍យល់ថា ទោះមានការប្រែប្រួលរយៈពេលខ្លីដោយកត្តាភូមិសាស្ត្រនយោបាយក៏ដោយ ការវិលត្រឡប់របស់ភ្ញៀវចិន និងកំណើនលឿននៅខេត្តព្រះសីហនុបង្ហាញពីការស្តារឡើងវិញ និងភាពធន់របស់ទេសចរណ៍កម្ពុជា។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍សរុប

