ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវពេលថ្មីៗថា៖ «ទោះប្រទេសយើងតូច ប្រជាជនតិច និងសេដ្ឋកិច្ចទន់ខ្សោយក្តី យើងមិនអាចទន់ខ្សោយផ្នែកសីលធម៌បានទេ។ យើងត្រូវរក្សាប្រទេសដែលមានសេចក្តីថ្លៃថ្នូរ និងតម្លៃសីលធម៌ខ្ពស់»។
សម្តេចសង្កត់ថា បើពលរដ្ឋមិនពេញចិត្តថៃ ត្រូវឈប់ទិញផលិតផលថៃ និងឈប់ប្រើប្រាក់បាតនៅកម្ពុជា ដើម្បីពង្រឹងឯករាជ្យភាពរូបិយវត្ថុជាតិ។
សម្តេចថា៖ «សូមកុំធ្វើសកម្មភាពប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុន ឬពលរដ្ឋថៃដែលរស់នៅ និងធ្វើការនៅកម្ពុជា។ ខ្ញុំនៅជឿថាពលរដ្ឋថៃភាគច្រើនមិនចង់ក្លាយជាសត្រូវរបស់ប្រជាជនកម្ពុជាទេ»។
ចំពោះការវាយតម្លៃដែលសម្តេចចាត់ទុកថាខុសពីមេដឹកនាំថៃខ្លះ សម្តេចថា៖ «អ្នកខ្លះនៅថៃ រួមទាំងមេដឹកនាំខ្លះ ថាកម្ពុជាខ្វះទំនិញ និងលំបាកដោយសារថៃបិទព្រំដែន។ ខ្ញុំគួរអរគុណមេដឹកនាំថៃដែលបានជួយយើងដោយមិនដឹងខ្លួន។ កម្ពុជាចំណាយមិនតិចជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំទិញផលិតផលថៃ។ បើប្តូរទៅផលិតផលក្នុងស្រុក នឹងផ្តល់ទីផ្សារ និងឱកាសដល់សេដ្ឋកិច្ចកម្ពុជា»។
សម្តេចបន្ថែមថា៖ «យើងមិនដែលទាមទារឱ្យផលិតផលថៃចូលទីផ្សារយើងទេ យើងទិញដោយស្ម័គ្រចិត្ត។ មេដឹកនាំថៃមិនត្រូវយល់ខុស ឬមើលងាយកម្ពុជាទេ។ យើងដឹងថាថៃមានជាងកម្ពុជា តែអ្នកក៏ត្រូវទទួលស្គាល់ថាការទិញទំនិញរបស់អ្នកផ្តល់ចំណូលដល់ប្រជាជនថៃដែរ»។
សម្តេចអំពាវនាវដល់អ្នកជំនួញថៃនៅកម្ពុជាថា៖ «សូមកុំអន់ចិត្តពីការបាត់បង់អតិថិជនធំ វាមិនមែនជាកំហុសកម្ពុជាទេ»។
ចុងក្រោយ សម្តេចរំឭកពលរដ្ឋព្រំដែនថា៖ «សូមប្តូរប្រាក់បាតទៅរៀល ឬដុល្លារឱ្យបានឆាប់ ព្រោះពេលខាងមុខអាចខាតបង់ធ្ងន់។ ប្រាក់បាតអាចក្លាយជាចំណុចដាក់សម្ពាធ ដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងកាលពីមុន។ ការប្តូរទៅរៀលជួយពង្រឹងអធិបតេយ្យភាពហិរញ្ញវត្ថុជាតិ»។
រាយការណ៍សរុបដោយស្ថានីយទូរទស្សន៍យើងខ្ញុំ

