រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន៖ «បើស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខព្រះមហាក្សត្រ ក្នុងកាបូប»

សេចក្តីសង្ខេប

សម្តេច ហ៊ុន សែន អំពាវនាវនៅថ្ងៃទី៨ តុលា ២០២៥ ឱ្យរក្សានិងប្រើប្រាស់ប្រាក់រៀល ប្តូរប្រាក់តាមអត្រាទីផ្សារ និងឈប់កំណត់ប្រាក់ឈ្នួលឬតម្លៃជាប្រាក់បាត។ សម្តេចក៏ស្នើឱ្យចាត់ការការលួចនាំទំនិញថៃចូល ខណៈព្រំដែននៅបិទ។

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញសំណេរផ្ញើជូនបងប្អូនជនរួមជាតិ ចំពោះការរក្សាប្រាក់រៀលខ្មែរ ដើម្បីពង្រឹងរូបិយវត្ថុជាតិ។ សម្តេចតេជោបានលើកឡើងថា ប្រសិនស្រឡាញ់ជាតិសូមជនរួមជាតិ ត្រូវទុកក្រដាសប្រាក់ដែលមាន ព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅ ជាជាងទុកព្រះឆាយាល័ក្ខព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើង។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។

នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។

ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។

ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។

ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។

ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕

សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…