ប៉ូលិសវៀតណាមបានបំបែកសំណុំរឿងឆបោករូបិយប័ណ្ណឌីជីថលធំមួយ ពាក់ព័ន្ធប្រាក់ប្រមាណ៩០០ពាន់លានដុង ឬ៣៤.២លានដុល្លារ និងជនរងគ្រោះរហូតដល់៣ម៉ឺននាក់។ ជនសង្ស័យសំខាន់ជាវិនិយោគិនល្បីក្នុងវិស័យបច្ចេកវិទ្យានៅហាណូយ ហើយត្រូវបានចោទប្រកាន់ជាផ្លូវការ។
តាមប៉ូលិស បុរសនេះបានបង្កើតក្រុមក្រោមឈ្មោះរូបិយប័ណ្ណឌីជីថល Antex ចាប់ពីឆ្នាំ២០២១ ដោយអះអាងថានឹងបង្កើតប្លុកឆេន និងកាបូបឌីជីថលក្នុងស្រុក ដើម្បីទាក់ទាញវិនិយោគិនរាប់ពាន់នាក់។ ទោះគម្រោងមិនទាន់បញ្ចប់ការអភិវឌ្ឍ ជនសង្ស័យបានចេញលក់ថូខិនរាប់សិបពាន់លានមុនពេលកំណត់ ហើយដកយកប្រាក់យ៉ាងឆាប់រហ័ស។
ដើម្បីរក្សាជំនឿទីផ្សារ វិនិយោគិននេះក៏ប្រើឥទ្ធិពលបណ្តាញសង្គម អះអាងថាមូលនិធិប្លុកឆេន Next100 របស់ខ្លួននឹងវិនិយោគធំគាំទ្រគម្រោង។ ប៉ុន្តែការស៊ើបអង្កេតថា ប្រាក់ប្រមូលត្រូវបានផ្ទេរទៅគណនីផ្ទាល់ខ្លួន និងក្រុមហ៊ុនពាក់ព័ន្ធ សម្រាប់ចំណាយឯកជន និងបែងចែកផ្ទៃក្នុង ធ្វើឱ្យវិនិយោគិនជាច្រើនបាត់បង់ប្រាក់ទាំងស្រុង។
ប៉ូលិសក៏ថា ជនសង្ស័យប្រើបញ្ជីគណនេយ្យពីរសំណុំនៅក្រុមហ៊ុនអចលនទ្រព្យដែលខ្លួនបង្កើត ដើម្បីលាក់ចំណូល និងគេចពន្ធ បង្កការខាតបង់ចំណូលរដ្ឋ។
មនុស្សពាក់ព័ន្ធ៩នាក់ត្រូវបានចោទប្រកាន់ ហើយប៉ូលិសកំពុងតាមដានលំហូរប្រាក់ និងគម្រោងផ្សេងដែលអាចពាក់ព័ន្ធ។ ក្រសួងសន្តិសុខសាធារណៈវៀតណាមរំលឹកឱ្យប្រុងប្រយ័ត្នគម្រោងរូបិយប័ណ្ណឌីជីថលដែលអះអាងផលចំណេញខ្ពស់ និងការឆបោកហិរញ្ញវត្ថុ។
ស្ថានីយយើងស្រង់និងចងក្រងព័ត៌មាន



