ខេត្តព្រះសីហនុបានរៀបចំពិធីដ៏អធិកអធមនៅថ្ងៃទី៩ ខែវិច្ឆិកា អបអរទិវាឯករាជ្យជាតិ និងខួបបង្កើតកងយោធពលខេមរភូមិន្ទ។ អភិបាលខេត្ត លោក ម៉ាង ស៊ីណេត ថាឆ្នាំនេះជាខួប៧២ឆ្នាំនៃឯករាជ្យ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកខេត្តព្រះសីហនុ រួមគ្នារំលឹកវិញ្ញាណក្ខន្ធវីរជន គោរពប្រវត្តិសាស្ត្រ និងចងចាំដំណើរដ៏លំបាកនៃការដណ្តើមឯករាជ្យ។
លោក ម៉ាង ស៊ីណេត ថានៅឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះបិតាជាតិ នរោត្តម សីហនុ កម្ពុជាបានរួចផុតពីអាណានិគម និងទទួលឯករាជ្យពេញលេញ ដាក់គ្រឹះការអភិវឌ្ឍកម្ពុជាសម័យទំនើប។ ជារៀងរាល់ថ្ងៃទី៩ ខែវិច្ឆិកា ប្រទេសប្រារព្ធពិធីគោរពវីរជនដែលបានលះបង់ដើម្បីឯករាជ្យ សេរីភាព និងវិបុលភាព។




អភិបាលខេត្តសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចមហន្តរាយដ៏ធ្ងន់ធ្ងរដែលរបបខ្មែរក្រហមនាំមកក្នុងឆ្នាំ១៩៧៥ឡើយ។ រយៈពេលងងឹត៣ឆ្នាំ៨ខែ២០ថ្ងៃបានបំផ្លិចបំផ្លាញប្រទេស និងបន្សល់ការឈឺចាប់រហូតមក។


លោកថា ក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេច ហ៊ុន សែន ប្រជាជនកម្ពុជាបានងើបឡើងវិញ និងសម្រេចសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យកសាងប្រទេស និងអភិវឌ្ឍបន្តរហូតមក។ រដ្ឋាភិបាលអាណត្តិទី៧ក្រោមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងជំរុញចក្ខុវិស័យប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។



លោក ម៉ាង ស៊ីណេត ថាឯករាជ្យ និងសន្តិភាពបានមកដោយលំបាក ហើយប្រជាជនត្រូវរួមគ្នាថែរក្សា។ លោកអំពាវនាវឱ្យរួបរួម តាមស្មារតីមេដឹកនាំប្រវត្តិសាស្ត្រ ក្រោមព្រះបារមីព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យ សន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់អនាគតរឹងមាំ និងរុងរឿង។
ព័ត៌មានសរុប។

