ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានកើនកម្ដៅជាថ្មី។ នៅព្រឹកថ្ងៃទី៨ ខែធ្នូ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបញ្ជាក់ថា ទោះបីកងទ័ពជួរមុខបន្តរងការបាញ់ពីអាវុធច្រើនប្រភេទរបស់ភាគីថៃក៏ដោយ កម្ពុជាត្រូវអត់ធ្មត់កម្រិតខ្ពស់បំផុត មិនត្រូវចាញ់ល្បិចវាយបក ហើយធ្លាក់ក្នុងអន្ទាក់បំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ឡើយ។ សម្ដេចថា ការបង្កហេតុនេះបន្តពីយប់មុនដល់ព្រឹកនោះ ដោយភាគីម្ខាងទៀតចង់បង្ខំឱ្យកងទ័ពកម្ពុជារំលោភសេចក្ដីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ខ្សែបន្ទាត់ក្រហមត្រូវបានកំណត់រួចហើយ ហើយមេបញ្ជាការគ្រប់ថ្នាក់ត្រូវណែនាំជាបន្តបន្ទាប់ដល់នាយទាហាននិងពលទាហានទាំងអស់ ឱ្យប្រកាន់ខ្ជាប់គោលការណ៍ដោយមុតមាំ និងមិនរងឥទ្ធិពលពីការបង្កហេតុ។ លោកក៏ណែនាំឱ្យស្ថាប័នកណ្ដាលនិងមូលដ្ឋានបន្តជម្លៀស និងរៀបចំកន្លែងស្នាក់នៅឱ្យប្រជាពលរដ្ឋតាមព្រំដែនដែលរងការគំរាមកំហែង ដើម្បីធានាសុវត្ថិភាពជីវិត។ សម្ដេចបានឱ្យដឹងថា លោកផ្អាកការងារផ្សេងៗ ដើម្បីជួយនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងកម្លាំងប្រដាប់អាវុធឱ្យមានឯកភាព តាមដានស្ថានការណ៍យ៉ាងម៉ត់ចត់ និងត្រៀមការដាក់ពង្រាយការពារ។


សម្ដេច ហ៊ុន សែន ក៏សុំអភ័យទោសចំពោះភ្ញៀវនិងគណៈប្រតិភូក្នុងនិងក្រៅប្រទេសដែលមិនអាចជួបលោកក្នុងអំឡុងពេលនេះ ដោយថាសន្តិសុខជាតិជាអាទិភាព។ លោកបានលើកទឹកចិត្តកីឡាករកម្ពុជាដែលកំពុងចូលរួមស៊ីហ្គេមលើកទី៣៣នៅថៃ ឱ្យបន្តប្រកួតតាមចង្វាក់ធម្មតា និងនាំកិត្តិយសជូនជាតិដោយលទ្ធផលល្អ។ សម្ដេចបញ្ជាក់ថា កម្ពុជានឹងបន្តអត់ធ្មត់ និងប្រកាន់ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។
រាយការណ៍សរុបដោយ KPS99TV។
