ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា៖ ព័ត៌មានដែលសារព័ត៌មានថៃបានផ្សាយថា «កងទ័ពថៃបានបំផ្លាញមូលដ្ឋានទ័ពថ្មើរជើងកម្ពុជា» ជាព័ត៌មានមិនពិតទាំងស្រុង។ នេះបើយោងតាមការបញ្ជាក់ជាផ្លូវការរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងកិច្ចការមតិសាធារណៈកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា។
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងកិច្ចការមតិសាធារណៈ បានបញ្ជាក់ថា៖ «ព័ត៌មានដែលសារព័ត៌មានថៃផ្សាយថា កងទ័ពថៃបានបំផ្លាញមូលដ្ឋានទ័ពថ្មើរជើងកម្ពុជា គឺមិនពិតទាំងស្រុង និងជាព័ត៌មានក្លែងក្លាយ។ សូមសាធារណជនកុំចាញ់បោកព័ត៌មានចចាមអារ៉ាមបែបនេះ ហើយកុំបន្តផ្សព្វផ្សាយវាតទៅទៀត!»
លេខាធិការដ្ឋានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដោយបញ្ជាក់ថា ពួកគេកំពុងអនុវត្តសិទ្ធិការពារខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ហើយតបតយ៉ាងម៉ឺងម៉ាត់ចំពោះកងកម្លាំងថៃដែលឈ្លានពាន។
រាយការណ៍សរុបដោយស្ថានីយយើងខ្ញុំ

