ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍នៅថ្ងៃទី២៥ ខែកក្កដា៖ យោងតាមប្រភពការទូតដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបិទទ្វារបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះតាមព្រំដែនកម្ពុជា–ថៃ និងស្វែងរកដំណោះស្រាយសមស្រប។ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្រ្តា ក៏បានចែករំលែកព័ត៌មាននេះបន្តតាមបណ្ដាញសង្គម។
នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានស្នើសុំជាផ្លូវការឱ្យបើកកិច្ចប្រជុំបន្ទាន់នេះ។ កិច្ចប្រជុំគ្រោងធ្វើនៅម៉ោង៣រសៀលថ្ងៃទី២៥ ខែកក្កដា នៅទីក្រុងញូវយ៉ក ត្រូវនឹងម៉ោង២ទៀបភ្លឺថ្ងៃទី២៦ ខែកក្កដា នៅកម្ពុជា។
នៅថ្ងៃទី២៤ ខែកក្កដា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតផ្លូវការជូនឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោក Asim Iftikhar Ahmad ប្រធានប្ដូរវេនក្រុមប្រឹក្សាសន្តិសុខប្រចាំខែនោះ ដោយស្នើឱ្យក្រុមប្រឹក្សាបើកកិច្ចប្រជុំឱ្យបានឆាប់ និងជំរុញឱ្យអង្គការសហប្រជាជាតិអន្តរាគមន៍ចំពោះអ្វីដែលភាគីកម្ពុជាបានរៀបរាប់ក្នុងលិខិតថា ជាការរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយកងទ័ពថៃ ដើម្បីជួយទប់ស្កាត់កុំឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ និងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
អ្នករាយការណ៍៖ Nget Pisan
អ្នកកែសម្រួល៖ 林秋填

