ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានទទួលយកសំណើឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារតាមបណ្ដាញសង្គមនៅយប់មុនថា៖
នៅយប់ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា–ថៃ។
ក្នុងការសន្ទនានោះ ប្រធានាធិបតីអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ឃើញសង្គ្រាម ឬជម្លោះបន្តកាន់តែធ្ងន់ធ្ងរ ដែលនឹងបណ្ដាលឱ្យយោធា និងជនស៊ីវិលជាច្រើនស្លាប់ ឬរងរបួស។ លោកបានលើកឡើងថា លោកតែងតែខិតខំសម្របសម្រួលជម្លោះ ហើយធ្លាប់បានជួយសម្រេចការឈប់បាញ់ដោយជោគជ័យនៅប្រទេសជាច្រើនលើពិភពលោក។
ចំពោះជម្លោះរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ប្រធានាធិបតី ត្រាំ ចង់ឃើញភាគីទាំងពីរឈប់បាញ់ភ្លាមៗ និងមានសន្តិភាព។
ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយប្រធានាធិបតី ត្រាំ ថា កម្ពុជាឯកភាពទាំងស្រុងចំពោះសំណើរបស់លោកឱ្យឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌ។ ខ្ញុំបានបញ្ជាក់ជំហរនេះរួចហើយជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានប្ដូរវេនអាស៊ាន អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី២៤ ខែកក្កដា។
នេះជាដំណឹងល្អ។ ខ្ញុំបានទទួលដំណឹងពីប្រធានាធិបតី ត្រាំ ថា បន្ទាប់ពីលោកបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai ភាគីថៃក៏បានឯកភាពចំពោះសំណើរបស់ប្រធានាធិបតីឱ្យឈប់បាញ់ភ្លាមៗដែរ។ នេះជាដំណឹងល្អសម្រាប់កងទ័ព និងជនស៊ីវិលនៃប្រទេសទាំងពីរ។
ខ្ញុំសង្ឃឹមថា ភាគីថៃនឹងមិនផ្លាស់ប្ដូរជំហរនេះម្ដងទៀត ដូចកាលពីថ្ងៃទី២៤ ខែកក្កដា ក្រោមការជួយសម្របសម្រួលរបស់លោក អាន់វ៉ា នោះទេ។
ខ្ញុំបានចាត់ឱ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បន្តពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងការជំរុញអនុវត្តគោលការណ៍ឈប់បាញ់ដែលបានឯកភាពគ្នា និងបញ្ចប់ការស្លាប់ និងរងរបួសរបស់យោធា និងជនស៊ីវិលដោយសារជម្លោះឱ្យបានឆាប់រហ័ស។
ខ្ញុំសូមអរគុណប្រធានាធិបតី ត្រាំ ចំពោះគំនិតផ្ដួចផ្ដើម និងការសម្របសម្រួល ដើម្បីជំរុញការឈប់បាញ់ភ្លាមៗ និងសន្តិភាពរវាងកម្ពុជា និងថៃ។
លទ្ធផលវិជ្ជមាននេះនឹងជួយការពារអាយុជីវិតយោធា និងជនស៊ីវិលកម្ពុជា និងថៃ ដែលអាចស្លាប់ ឬរងរបួសក្នុងការប្រយុទ្ធគ្នា ហើយជួយឱ្យជនភៀសខ្លួនរាប់សែននាក់អាចវិលត្រឡប់ទៅផ្ទះ និងបន្តជីវភាពប្រចាំថ្ងៃដោយសុខសាន្ត។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi





