ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា៖ នៅថ្ងៃទី២៧ ខែកក្កដា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជាបានអំពាវនាវតាមបណ្តាញផ្លូវការរបស់ខ្លួនដល់ពលរដ្ឋ និងអ្នកសារព័ត៌មាន កុំឱ្យថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមនូវរូបថត ឬវីដេអូដែលបង្ហាញពីទីតាំងឈរជើង ចលនា ឬសកម្មភាពរបស់កងទ័ពកម្ពុជា ដើម្បីកុំឱ្យភាគីម្ខាងទៀតកំណត់ទីតាំងកងទ័ពបានតាមរយៈរូបភាពទាំងនោះ។
ការអំពាវនាវនេះសំដៅលើរូបថត និងវីដេអូដែលអាចបង្ហាញទីតាំងកងទ័ព រួមមានទីតាំងឈរជើង ការចល័ត និងសកម្មភាពពាក់ព័ន្ធ។
នាយកដ្ឋានក៏បានរំលឹកឱ្យសាធារណជនបិទសេវាកំណត់ទីតាំងលើទូរសព្ទពេលថត និងបង្ហោះរូបថត ដើម្បីកុំឱ្យបែកធ្លាយព័ត៌មានទីតាំង។
នៅក្នុងការអំពាវនាវនោះ នាយកដ្ឋានបានលើកឡើងថា ប្រជាពលរដ្ឋបានរៃអង្គាសថវិកា និងបរិច្ចាគសម្ភារៈប្រើប្រាស់ចាំបាច់ ដើម្បីគាំទ្រយោធិនជួរមុខ និងប្រជាពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ប្រយុទ្ធ។
នាយកដ្ឋានបានចាត់ទុកការប៉ះទង្គិចតាមព្រំដែនចាប់ពីថ្ងៃទី២៤ ខែកក្កដាថាជាការឈ្លានពានពីភាគីថៃ។ ចំណែកភាគីថៃបានចោទកម្ពុជាថាជាអ្នកវាយប្រហារមុន។
ជម្លោះតាមព្រំដែនបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើន រួមទាំងមនុស្សចាស់ និងកុមារ ចាកចេញពីលំនៅឋាន។ សាលារៀននៅតំបន់មួយចំនួនបានផ្អាកការសិក្សា ដែលធ្វើឱ្យការរៀនសូត្ររបស់សិស្សត្រូវរំខាន។
នាយកដ្ឋានបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានជួយគាំទ្រយោធិនជួរមុខ។
ដោយ៖ Nget Pisan
អ្នកកែសម្រួល៖ Xiao Yaguang
