នៅរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ បានផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើស្ត្រី និងក្មេងស្រី នៅក្នុងកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាស្ត្រី ពិភពលោកលើកទី១៥ នៅក្នុងប្រទេសស្វីស។ សម្តេចបានថ្លែងក្នុងសម័យប្រជុំទី២ ក្រោមមូលបទ «បញ្ហាប្រឈមថ្មីៗដែលកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ន និងយូរអង្វែង ព្រមទាំងមាគ៌ាឆ្ពោះទៅមុខ»។ កិច្ចប្រជុំកំពូលនេះមានការចូលរួមពីប្រធានសភាស្ត្រី និងតំណាងមកពីប្រទេសនានា។
ក្នុងចំណោមអនុសាសន៍របស់សម្តេចប្រធានរដ្ឋសភាក្នុងសម័យប្រជុំនេះ មានចំណុចដូចខាងក្រោម៖
១. គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ
២. ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ
៣. គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ស្ត្រីប្រឈមនឹងហានិភ័យកាន់តែធ្ងន់ធ្ងរឡើងពីការប្រែប្រួលអាកាសធាតុ ដោយសារបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ អសន្តិសុខនៃការបន្តពូជ ភាពងាយរងគ្រោះផ្នែកសុខភាព អំពើហិង្សាលើយេនឌ័រ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ដែលបង្កឡើងដោយបញ្ហាអាកាសធាតុនេះ។
របាយការណ៍យេនឌ័រឆ្នាំ២០២៤ បានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៥០ ក្នុងសេណារីយ៉ូអាកាសធាតុអាក្រក់បំផុត ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យស្ត្រី និងក្មេងស្រីរហូតដល់ ១៥៨ លាននាក់បន្ថែមទៀតធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង ដោយគិតតាមបន្ទាត់ភាពក្រីក្រអន្តរជាតិ ២,១៥ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ កម្ពុជាក៏មិនមែនជាករណីលើកលែងដែរ។ សម្តេចបានលើកឡើងថា កម្ពុជាមានភាពងាយរងគ្រោះខ្លាំងបំផុតចំពោះការប្រែប្រួល
អាកាសធាតុ ដោយស្ថិតនៅចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៨៥ ប្រទេស ដែលស្ថិតក្នុងភាពងាយរងគ្រោះ និងមានចំណាត់ថ្នាក់ទី១៥៩ ជាប្រទេស
ដែលមានការត្រៀមខ្លួនស្រេចបាច់ ចំពោះការប្រែប្រួលអាកាសធាតុ។ នៅតំបន់ជនបទនៃប្រទេសកម្ពុជា កសិករជាស្ត្រីទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយជាទូទៅពួកគាត់ខ្វះលទ្ធភាពទទួលបានឥណទាន ឬបណ្ណកម្មសិទ្ធិដីធ្លី ដែលចាំបាច់សម្រាប់ ការស្តារជីវភាព
ឡើងវិញ និងការសម្របខ្លួន។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ស្ត្រីនៅកម្ពុជា និងនៅជុំវិញពិភពលោកកំពុងប្រឈមមុខដោយផ្ទាល់ នឹងវិបត្តិអាកាសធាតុនេះ។ ពួកគេកំពុងពង្រឹងសមត្ថភាពបន្ស៊ាំ និងសម្របខ្លួន។ ហេតុដូច្នេះហើយ ស្រ្តីនិងកុមារគួរផ្តល់ឱកាសឱ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើម
ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីអនុញ្ញាតឱ្យស្រ្តី និងកុមារចូលរួមបានយ៉ាងពេញលេញ ពួកគេត្រូវការលទ្ធភាពទទួលបានធនធាន ការអប់រំ ការថែទាំសុខភាព និងការផ្តល់សិទ្ធិអំណាចក្នុងការសម្រេចចិត្ត៕
ដោយ៖ KPS99TV








