រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បុរសនៅខេត្តសៀមរាបម្នាក់ឆ្លងជំងឺផ្តាសាយបក្សីH5N1

សេចក្តីសង្ខេប

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា បុរសអាយុ ២៦ ឆ្នាំម្នាក់នៅខេត្តសៀមរាបបានឆ្លងជំងឺផ្តាសាយបក្សី H5N1។ ក្រសួងបានឱ្យដឹងថា វិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមាននៅថ្ងៃទី២៦ ខែកក្កដា ហើយក្រុមជំនាញកំពុងស្រាវជ្រាវប្រភពចម្លង និងតាមដានអ្នកប៉ះពាល់។

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការឆ្លងជំងឺផ្តាសាយបក្សី (H5N1) លើបុរសអាយុ ២៦ឆ្នាំម្នាក់ នៅភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ បុរសម្នាក់នេះ បានបញ្ជាក់ថា វិជ្ជមានជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

បើតាមការជូនដំណឹងនៅថ្ងៃទី២៩ ខែកក្កដានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅបរិវេណជិតផ្ទះអ្នកជំងឺមានមាន់ងាប់ ហើយអ្នកជំងឺបានសម្លាប់ និងបោចមាន់ ៣ថ្ងៃមុនថ្ងៃចាប់ផ្តើមឈឺ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ 

ការជូនដំណឹងដដែលបញ្ជាក់ទៀតថា មន្រ្តីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការអង្កេតស្រាវជ្រាវយ៉ាងសកម្មដើម្បីស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ក្នុងការទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ។

យ៉ាងណាមិញ ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋគ្រប់ពេល ហើយត្រូវស្វែងរកការពិគ្រោះយបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ក្នុងករណីមានអាការៈសង្ស័យថាឆ្លងជំងឺផ្តាសាយបក្សី H5N1៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



មតិយោបល់

កំពុងផ្ទុកមតិយោបល់…