ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្កដា៖ យោងតាមក្រសួងការបរទេសចិន លោក Guo Jiakun អ្នកនាំពាក្យក្រសួង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា កិច្ចព្រមព្រៀងឈប់បាញ់ដែលកម្ពុជា និងថៃសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ជាលទ្ធផលសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ចិនបានស្វាគមន៍ និងកោតសរសើរចំពោះលទ្ធផលនេះ។
លោក Guo Jiakun បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក សហគមន៍អន្តរជាតិ ជាពិសេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានខិតខំសម្របសម្រួលឱ្យមេដឹកនាំកម្ពុជា និងថៃជួបគ្នា។ លោកចាត់ទុកជំនួបនេះថាជាជំហានសំខាន់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែន។
លោក Guo Jiakun បានថ្លែងថា ចិនគាំទ្រឱ្យម៉ាឡេស៊ីបន្តបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេន និងជំរុញដំណោះស្រាយនយោបាយតាមបែបអាស៊ាន។ លោកថា ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលជួយបង្កើនទំនុកចិត្តទៅវិញទៅមក បន្ធូរបន្ថយភាពតានតឹង និងជំរុញការផ្សះផ្សា។
លោក Guo Jiakun បានបន្ថែមថា ក្នុងនាមជាប្រទេសជិតខាងដ៏ជាមិត្តរបស់កម្ពុជា និងថៃ ចិននឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីទាំងអស់ និងដើរតួនាទីស្ថាបនាស្របតាមបំណងរបស់ភាគីទាំងពីរ ដើម្បីជួយពង្រឹងបទឈប់បាញ់ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់។
សរុបព័ត៌មានដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

