រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តីអំពាវនាវសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុជួយសម្រាលបន្ទុកបំណុលដល់កងកម្លាំង ជនភៀសសឹក គ្រួសារយោធិនពលីនិងរងរបួស

សេចក្តីសង្ខេប

នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅតំបន់ប្រយុទ្ធ គ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអំពាវនាវឱ្យសមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកបំណុលសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ គ្រួសារយោធិនពលីនិងរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

សារអំពាវនាវរបស់សម្តេចធិបតីបានបង្ហោះនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលីនិងរងរបួស ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។

រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់យោធិនពលីនិងរបួស ក៏ដូចជាផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាជនដែលជាជនភៀសសឹក។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ»។

សូមជម្រាបថា ការប្រយុទ្ធគ្នាតាមព្រំដែនពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបណ្តាលឱ្យមានយោធិនស្លាប់ទាំងសងខាង ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវភៀសចេញពីលំនៅឋាន។ កុមារដែលភៀសខ្លួនជាមួយគ្រួសារក៏រងការរំខានដល់ការសិក្សាផងដែរ។ ក្រសួងការបរទេសកម្ពុជាបានចោទថា កងទ័ពថៃបានវាយប្រហារទីតាំងរបស់កម្ពុជាមុន ខណៈភាគីថៃបានចោទកម្ពុជាថាជាអ្នកចាប់ផ្តើមការវាយប្រហារ៕


ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…