ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី៣១ ខែកក្កដាថា គិតត្រឹមម៉ោង ៣:៣៣ រសៀលថ្ងៃដដែល ភាគីថៃនៅមិនទាន់បញ្ជូនទាហានកម្ពុជា ២០ នាក់ត្រឡប់មកកម្ពុជាវិញទេ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។
លោកស្រីបានថ្លែងថា កម្ពុជានឹងខិតខំបន្តចរចាជាមួយភាគីថៃ ដើម្បីឱ្យទាហានកម្ពុជាទាំងអស់ដែលត្រូវបានឃាត់ខ្លួនបានវិលត្រឡប់មកប្រទេសវិញឱ្យបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ កងទ័ពកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមជាមួយភាគីថៃ។
យោងតាមការរៀបរាប់របស់ភាគីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា យោធាថៃបានអញ្ជើញទាហានកម្ពុជាឱ្យថតរូបអនុស្សាវរីយ៍ជាមួយគ្នា។ នៅពេលនោះ ទាហានថៃដែលលាក់ខ្លួនក្នុងព្រៃបានចេញមកភ្លាមៗ ហើយចាប់ខ្លួនទាហានកម្ពុជាទាំងនោះ។ ភាគីកម្ពុជាបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅច្រកចុងតែ ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ហើយទាហានកម្ពុជាសរុប ២១ នាក់ត្រូវបានឃាត់ខ្លួន។ ក្នុងចំណោមនោះ ម្នាក់បានស្លាប់ ហើយភាគីថៃបានប្រគល់សពមកវិញ។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi

