រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាថានឹងដាក់ភស្តុតាងជូនអាស៊ាន និងអង្គការសហប្រជាជាតិ អំពីការរំលោភបទឈប់បាញ់ដែលខ្លួនចោទថាភាគីថៃបានប្រព្រឹត្ត

សេចក្តីសង្ខេប

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបដិសេធការចោទប្រកាន់របស់ថៃថាកម្ពុជាបានរំលោភបទឈប់បាញ់។ លោកថា កម្ពុជាបានចងក្រងឯកសារអំពីករណីដែលខ្លួនចាត់ទុកថាជាការរំលោភបទឈប់បាញ់របស់ភាគីថៃ ហើយនឹងដាក់ភស្តុតាងជូនអាស៊ាន និងអង្គការសហប្រជាជាតិ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធយ៉ាងម៉ឺងម៉ាត់ការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាបានរំលោភបទឈប់បាញ់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ លោកបានចោទថាកងទ័ពថៃបានរំលោភបទឈប់បាញ់ និងបានបញ្ជាក់ថា កម្ពុជាបានចងក្រងឯកសារអំពីករណីទាំងនេះ ហើយនឹងដាក់ភស្តុតាងជូនអាស៊ាន និងអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់នៅរសៀលថ្ងៃទី០១ ខែសីហា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ »ថា ក្រសួងការបរទេសកម្ពុជា បានប្រកាសបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងមួយចំនួនរបស់ក្រសួងការបរទេសថៃនៅថ្ងៃទី៣១ ខែកក្កដា ដែលមានលក្ខណៈជាការបំភ័ន្តមតិ។ ក្នុងន័យនេះ ឯកឧត្តម បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាបានប្រកាន់ភ្ជាប់ចំពោះច្បាប់អន្តរជាតិ និងគោលការណ៍សន្តិវិធី ក៏ដូចជាយន្តការដែលដឹកនាំដោយអាស៊ាន។

យ៉ាងណាមិញ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់ភាគីថៃអំពីស្វ័យការពារគឺជាបំភ័ន្តការពិត ដោយការប៉ះទង្គិចប្រដាប់អាវុធនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ភាគីថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅក្នុងទឹកដីនៃប្រទេសកម្ពុជាមុន ពុំមែនជាការឈ្លានពានរបស់កម្ពុជាទៅលើថៃឡើយ។

ផ្ទុយទៅវិញ ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា ការលើកឡើងរបស់ថៃអំពីស្វ័យការពារវាគ្រាន់តែជាការបិទបាំងនូវសកម្មភាពបង្ករឿងរបស់យោធាថៃតែប៉ុណ្ណោះ។ ចំពោះការលើកឡើងរបស់ថៃអំពីការធ្វើអន្តរជាតិតូបនីយកម្ម ដើម្បីបំភ័ន្តការពិតរបស់កម្ពុជា ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា សកម្មភាពការខិតខំប្រឹងប្រែងផ្នែកការទូតរបស់កម្ពុជា គឺមានភាពត្រឹមត្រូវស្របតាមច្បាប់។ សកម្មភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិ គឺធ្វើឡើងដោយសុខចិត្ត ដើម្បីតម្លាភាពហើយនិងការត្រួតពិនិត្យជាពហុភាគី ពុំមែនជាការធ្វើអន្តរជាតិតូបនីយកម្មដើម្បីបំភ័ន្តមតីដូចការចោទប្រកាន់របស់ភាគីថៃឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…