រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត «ភូមិតាកឹងចងចាំ» ជាភូមិថ្មីមួយ ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការរៀបចំរដ្ឋបាលមូលដ្ឋាននេះ ត្រូវបានកំណត់ក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់រចនាសម្ព័ន្ធគ្រប់គ្រងភូមិថ្មីឱ្យបានច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។


ចំពោះការរៀបចំ និងគ្រប់គ្រងភូមិតាកឹងចងចាំ ត្រូវអនុវត្តតាមសេចក្ដីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ ព្រមទាំងតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ភូមិ។

ការអនុវត្តប្រកាសនេះ ត្រូវស្ថិតក្រោមការទទួលខុសត្រូវរបស់អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ និងអង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានក្រុមប្រឹក្សាស្រុកគូលែន អភិបាលនៃគណៈអភិបាលស្រុកគូលែន និងមេឃុំថ្មី តាមតួនាទីរៀងៗខ្លួន ដោយប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ការបង្កើត «ភូមិតាកឹងចងចាំ» ជាភូមិថ្មីនេះ គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពនិងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕ ដោយ៖សុភ័ក្រ្ត










