ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែសីហា។ នៅព្រឹកនេះ អភិបាលខេត្ត លោក ម៉ាង ស៊ីណេត បានអធិបតីក្នុងពិធីបើកសាកល្បងខ្សែផលិតកម្មដែកស័ង្កសីលាបពណ៌របស់ក្រុមហ៊ុនហូលិ ស្ទៀល ខេមបូឌា។ លោកថា ភាពជោគជ័យរបស់វិនិយោគិនគឺជាភាពជោគជ័យរបស់ខេត្ត។
អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងអគ្គនាយក និងគណៈគ្រប់គ្រងក្រុមហ៊ុនបានចូលរួម។
លោក ម៉ាង ស៊ីណេត ថា ការបើកសាកល្បងនេះធ្វើឡើងពេលប្រជាជនរួបរួមគ្នាដើម្បីការពារបូរណភាពទឹកដី។ លោកថាគម្រោងបង្ហាញទំនុកចិត្តរបស់វិនិយោគិនលើរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងបង្ហាញសក្ដានុពលរបស់ខេត្តក្នុងការទាក់ទាញវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ច។
អគ្គនាយកក្រុមហ៊ុនថា ខ្លួនបាននាំចូលបច្ចេកវិទ្យាផលិតស្វ័យប្រវត្តិទំនើប និងឧបករណ៍មានភាពជាក់លាក់ខ្ពស់។ ក្រុមហ៊ុនគ្រោងបន្តផលិតដែកគុណភាពខ្ពស់ច្រើនប្រភេទ សម្រាប់ទីផ្សារកម្ពុជា និងនាំចេញទៅអាស៊ាន អូស្ត្រាលី អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីបម្រើគម្រោងសំណង់បន្ថែម។
តាមសេចក្ដីរាយការណ៍ ប្រតិបត្តិការក្រុមហ៊ុនជួយជំរុញសេដ្ឋកិច្ចខេត្ត និងបង្កើតការងារសម្រាប់ពលរដ្ឋខេត្តព្រះសីហនុ និងខេត្តផ្សេងៗ។ គម្រោងនេះស្របនឹងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឈានទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
រូបភាព៖ Keo Dara
អត្ថបទ៖ Chenda Teyte
កែសម្រួល៖ 林秋填
















