រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រតិភូសភាអាមេរិកសន្យាបន្តតាមដានលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

សេចក្តីសង្ខេប

គណៈប្រតិភូសភាអាមេរិកបញ្ជាក់ការគាំទ្របទឈប់បាញ់កម្ពុជា–ថៃ និងការតាមដានការអនុវត្តបន្ត ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែសីហា។

គណៈប្រតិភូសភាអាមេរិក បានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព ស្ថិរភាពឡើងវិញ ខណៈសហរដ្ឋអាមេរិក នឹងបន្តយកចិត្តទុកដាក់តាមដានលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ការបញ្ជាក់ជំហររបស់គណៈប្រតិភូសភាអាមេរិកដែលដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តម Richard McCormick សមាជិកសភាប្រចាំរដ្ឋ Georgia និងឯកឧត្តម Suhas Subramanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២៨ ខែសីហា នៅវិមានសន្តិភាព នៃប្រទេសកម្ពុជា។

សម្ដេចធិបតី បានគូសបញ្ជាក់ជូនលោកជំទាវ Beth Van Duyne ថា កម្ពុជាថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។

បទឈប់បាញ់នេះបានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហើយបានកម្ពុជាស្នើឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។

សម្តេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរកការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…