ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែសីហា។ នៅព្រឹកនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅក្រុងធានជីន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។ កម្មវិធីដែលបានប្រកាសចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។
ដំណើរនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាឱ្យដឹងថា អ្នកអមដំណើររួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងតំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ក៏អមដំណើរផងដែរ។
សម្តេចគ្រោងថ្លែងសុន្ទរកថាស្តីពីការអនុវត្តពហុភាគីនិយម ការធានាសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចគ្រោងជួបលោក ស៊ី ជីនពីង ដើម្បីពិភាក្សាពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ សម្តេចក៏គ្រោងជួបថ្នាក់ដឹកនាំបរទេសមួយចំនួន ដើម្បីពិភាក្សាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។
















