ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី៣ ខែកញ្ញា។ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ខេត្តព្រះសីហនុបានរៀបចំកម្លាំងប្រជាការពារ១១៥០នាក់ កើន៨៦នាក់ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ពួកគេចូលរួមរក្សាសណ្តាប់ធ្នាប់ ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើស និងល្បាតតាមក្រុង ស្រុក ឃុំ និងសង្កាត់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្ត បានឱ្យដឹងថា ការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព៦៩៧លើក បានទៅដល់ប្រជាពលរដ្ឋជាង២៣ ០០០នាក់។ ខេត្តក៏បានរៀបចំវេទិកាសាធារណៈ៣៤៤លើក ដើម្បីស្តាប់ និងឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ។
គណៈបញ្ជាការឯកភាពខេត្តបានផ្សព្វផ្សាយវិធានការបង្ការអគ្គិភ័យនៅ១១៣ទីតាំង រៀបចំការហ្វឹកហាត់សង្គ្រោះបន្ទាន់២៩លើក និងបង្កើតក្រុមអ្នកពន្លត់អគ្គិភ័យ និងសង្គ្រោះស្ម័គ្រចិត្ត១៥នាក់។ អាជ្ញាធរក៏បានផ្សព្វផ្សាយច្បាប់ចរាចរណ៍២០០លើកនៅតាមសាលារៀន សហគមន៍ និងស្ថាប័ន ដោយមានអ្នកចូលរួមប្រមាណ១៤ ០០០នាក់។
កងរាជអាវុធហត្ថមូលដ្ឋាន និងនគរបាលបានត្រួតពិនិត្យសារធាតុផ្ទុះ៤៦លើក។ អាជ្ញាធរផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទនៅ១០៦ទីតាំង ដល់មនុស្សជាង១៦៦០នាក់ ក្នុងនោះមានជនបរទេសជាង២៣០នាក់។
ក្នុងឆមាសទី១ សកម្មភាពអប់រំប្រឆាំងគ្រឿងញៀន៧៣៤លើក នៅតាមសាលារៀន កន្លែងកម្សាន្ត និងខារ៉ាអូខេ បានជួយឱ្យមនុស្សប្រមាណ២៤០០នាក់យល់ពីហានិភ័យនៃការប្រើប្រាស់គ្រឿងញៀន។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា កិច្ចសហការរវាងស្ថាប័ន និងការចូលរួមរបស់សង្គមកំពុងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋ និងជនបរទេស។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។







