រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំប្រតិភូកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥

សេចក្តីសង្ខេប

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំប្រតិភូ CDC និងវិស័យឯកជនដល់ចិននៅថ្ងៃទី៧ ខែកញ្ញា ដើម្បីចូលរួម CIFIT លើកទី២៥នៅស៊ាមិន។ ក្នុងជំនួបជាមួយអភិបាលខេត្តហ្វូជៀន Zhao Long ភាគីទាំងពីរពិភាក្សាជំរុញវិនិយោគនិងពាណិជ្ជកម្ម។

ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន៖ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងវិស័យឯកជន អញ្ជើញមកដល់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade - CIFIT) នៅទីក្រុងស៊ាមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ (Belt and Road Summit) នៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី៧-១២ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងដំណើរអញ្ជើញមកដល់នាឱកាសនេះក៏មានការទទួលស្វាគមន៍ពីឯកឧត្តម ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួបសម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តហ្វូជៀន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) ក្នុងខេត្តហ្វូជៀន។ ឯកឧត្តមអភិបាល ក៏បានរំលេចជូននូវកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញឱ្យមានពិព័រណ៍សម្រាប់ជំរុញការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នេះឡើង។ ឯកឧត្តមអភិបាល ក៏បានជម្រាបជូនអំពីសក្ដានុពលសំខាន់ៗរបស់ខេត្ត Fujian និងកិច្ចសហការសំខាន់ៗរវាងខេត្តហ្វូជៀន ទៅកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ តាមរយៈជំនួបរវាងឯកឧត្តម ស៊ី ជីនពីង និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ឯកឧត្តមអភិបាលរំពឹងថា កិច្ចសហការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងនិយាយដាច់ដោយឡែកចំពោះខេត្តហ្វូជៀន នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។

មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកបន្ថែមថាឆ្នាំ២០២៥នេះ ជាឆ្នាំទីពីរហើយដែលឯកឧត្តមបានចូលរួមក្នុងកម្មវិធី CIFIT ហើយក្នុងឱកាសនេះឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនរបស់កម្ពុជាចំនួន១៧ មកចូលរួមផងដែរ ដើម្បីផ្ដល់ឱកាសផ្គូរផ្គងវិនិយោគិនរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតយកឱកាសនេះថ្លែងអំណរគុណចំពោះការរក្សាបាននូវចំណងមិត្តភាពយ៉ាងរឹងមាំរវាងកម្ពុជា និងចិន តាមរយៈកិច្ចខិតខំរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសថ្មីៗនេះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥។ កាលពីសប្ដាហ៍មុនក៏មានជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង ផងដែរក្នុងអំឡុងពេលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំ២០២៥។ ពិសេសជាងនេះ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមខួបលើកទី៨០ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកផងដែរ។

ចំពោះការវិនិយោគ និងពាណិជ្ជកម្មចិនគឺជាដៃគូធំបំផុតរបស់កម្ពុជា អាស្រ័យហេតុនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា ហើយឯកឧត្តមបានស្នើសុំឱ្យកិច្ចការងារនេះបន្តជំរុញធ្វើឱ្យបានកាន់តែច្រើនឡើងលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្ដាក់ទុននៅកម្ពុជា ពិសេសតាមរយៈកម្មវិធី CIFIT។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនក្នុងការជួយសាងសង់ផ្លូវស្ពានជាច្រើននៅកម្ពុជា ហើយបានគូសរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលទទួលបានការគាំទ្រពីឯកឧត្តមប្រធានាធិបតីផងដែរក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីខែមេសាកន្លងទៅនេះ។

ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ រដ្ឋបាលខេត្តហ្វូជៀនក៏បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា និងប្រទេសផ្សេងៗទៀតដែលអញ្ជើញចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នេះផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…