ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា៖ កាលពីម្សិលមិញ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) បានជួបគណៈប្រតិភូដឹកនាំដោយលោក Zheng Haiyang អភិបាលរងខេត្តហឺណាន ប្រទេសចិន ដើម្បីពិភាក្សាស៊ីជម្រៅអំពីការពង្រឹងនិងពង្រីកកិច្ចសហការវិនិយោគ។ ជំនួបនេះត្រូវបានអនុញ្ញាតដោយឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ុន ចាន់ថុល។
ឯកឧត្តម ជា វុទ្ធី ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ថ្នាក់ដឹកនាំចិន ជាពិសេសខេត្តហឺណាន បានជំរុញសហគ្រាសមកវិនិយោគនៅកម្ពុជា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងជីវភាពប្រជាជន។ ឯកឧត្តមបញ្ជាក់ថា កម្ពុជានិងចិនកំពុងរួមគ្នាកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ដោយកិច្ចសហការកាន់តែស៊ីជម្រៅនិងមានលទ្ធផលច្បាស់លាស់។
ឯកឧត្តមសង្ឃឹមថា ខេត្តហឺណាននឹងបន្តលើកទឹកចិត្តវិនិយោគិនឱ្យមកសិក្សាឱកាសនៅកម្ពុជា ជាពិសេសការផលិតវត្ថុធាតុដើមនិងផលិតផលពាក់កណ្តាលសម្រេច ការកែច្នៃកសិផល ខ្សែច្រវាក់ផ្គត់ផ្គង់នាំចេញ ប្រព័ន្ធកសិកម្ម–ឧស្សាហកម្មរួមបញ្ចូលគ្នា និងតំបន់សេដ្ឋកិច្ចពិសេសជំនាញ ដើម្បីបន្ថែមតម្លៃ និងរក្សាស្ថិរភាពផ្គត់ផ្គង់កសិផល។

លោក Zheng Haiyang កោតសរសើរការអភិវឌ្ឍលឿនរបស់កម្ពុជា និងភាពល្បីល្បាញនិងការប្រកួតប្រជែងនៃកសិផលកម្ពុជានៅទីផ្សារហឺណាន។ លោកថា ហឺណានជាខេត្តសំខាន់របស់ចិន មានធនធានវប្បធម៌សម្បូរ ហេដ្ឋារចនាសម្ព័ន្ធងាយស្រួល និងមូលដ្ឋានកសិកម្ម ឧស្សាហកម្មនិងផលិតកម្មរឹងមាំ ហើយនឹងបន្តជំរុញកិច្ចសហការចិន–កម្ពុជាគ្រប់វិស័យ និងគាំទ្រចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ខេត្តហឺណានស្ថិតនៅភាគកណ្តាលប្រទេសចិន ក្នុងអាងទន្លេលឿង មានផ្ទៃដីប្រមាណ១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនជិត៩៨លាននាក់ ហើយជាខេត្តមួយដែលមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់។
ស្ថានីយ៍យើងចងក្រងព័ត៌មាន






