រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបន្តមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្រ្តាក់ក្នុងកម្រិតពី៤០ទៅ៦០ភាគរយ

សេចក្តីសង្ខេប

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ចាប់ពីថ្ងៃទី១៦ ដល់២២ ខែកញ្ញា កម្ពុជាបន្តមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ប្រមាណ៤០ទៅ៦០ភាគរយតាមតំបន់ ខណៈរលកសមុទ្រមានកម្ពស់០,៥០ទៅ១,៧៥ម៉ែត្រ។

«សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបខ្យល់មូសុងនិរតី និងកម្ពុជា»។ ជុំវិញនឹងស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដីពី៤០ទៅ៦០ភាគរយ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញា។

ក្រសួងធនធានទឹក បញ្ជាក់បន្ថែមថា តំបន់វាលទំនាប មានខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃ ៥៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៦០ភាគរយ។ ដោយយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៤០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ១,៧៥ម៉ែត្រ។

យោងលើការព្យាករខាងលើ ក្រសួងធនធានទឹក អះអាងថា ក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណកើនឡើងពីបង្គួរទៅច្រើនដែលលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…