ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា៖ តាមសារព័ត៌មានកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានចេញសេចក្ដីជូនដំណឹងបន្ទាន់កាលពីម្សិលមិញ ព្រមានសាធារណជនអំពីការកើនឡើងនៃការឆបោកតាម Telegram ក្នុងពេលថ្មីៗនេះ។
វិធីឆបោករួមមាន ការក្លែងធ្វើជាស្ថាប័នរដ្ឋ បុគ្គលល្បីៗ ឬថ្នាក់ដឹកនាំក្រុមហ៊ុន ការបង្កើតវេទិកាវិនិយោគក្លែងក្លាយដែលសន្យាផលចំណេញខ្ពស់ ការជូនដំណឹងថាឈ្នះរង្វាន់ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួននិងហិរញ្ញវត្ថុ ព្រមទាំងការអះអាងថាគណនី Telegram មានបញ្ហា ដើម្បីសុំលេខកូដផ្ទៀងផ្ទាត់។
TRC ណែនាំឱ្យបើកការផ្ទៀងផ្ទាត់ពីរជំហាន ប្រើពាក្យសម្ងាត់រឹងមាំនិងផ្លាស់ប្ដូរជាប្រចាំ ពិនិត្យវគ្គចូលប្រើដែលគួរឱ្យសង្ស័យ និងដាក់លេខសម្ងាត់កម្មវិធី។ អ្នកប្រើប្រាស់ក៏គួរជៀសវាងបើកតំណភ្ជាប់ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួនឱ្យមនុស្សមិនស្គាល់។
ប្រសិនបើជួបសកម្មភាពគួរឱ្យសង្ស័យឬការឆបោក អាចទាក់ទងខ្សែទូរស័ព្ទបន្ទាន់ TRC លេខ 6789 ក្នុងម៉ោងធ្វើការ ឬអ៊ីមែល [email protected]
ឬទំព័រ Facebook ផ្លូវការ «Telecommunication Regulator of Cambodia»។
សេចក្ដីរាយការណ៍សរុបដោយ KPS99TV។







