រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា–ថៃ រៀបចំកិច្ចប្រជុំនគរបាល ដើម្បីពង្រឹងកិច្ចសហការទប់ស្កាត់បទល្មើសឆ្លងដែន

សេចក្តីសង្ខេប

នគរបាលកម្ពុជានិងថៃគ្រោងជួបនៅខេត្តស្រះកែវ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហការប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសការឆបោកតាមអនឡាញ តាមការឯកភាពក្នុងកិច្ចប្រជុំ GBC ថ្ងៃទី១០ ខែកញ្ញា។

ស្រះកែវ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នគរបាលជាតិ នឹងធ្វើកិច្ចប្រជុំជាមួយនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យ និងពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

ក្នុងកិច្ចប្រជុំ នគរបាលពីរភាគីក៏មានផែនការពិភាក្សាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងកើតមានយ៉ាងពេញលេញនៅក្នុងតំបន់។

កិច្ចប្រជុំនេះ គឺស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានប្រារព្ធនៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ភាគីទាំងពីរបានយល់ព្រមថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិ នឹងជួបប្រជុំក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះ ដែលទទួលភារកិច្ចរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងដែន។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រប់ប្រភេទឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្ពុជាក៏បានសង្ឃឹមថា រដ្ឋាភិបាលថៃនឹងបន្តធ្វើការប្តេជ្ញាចិត្តដូចគ្នា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទាំងពីរ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…